ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឥណ្ឌាផ្តល់ជំនួយឥតសំណងជិត១០ម៉ឺនដុល្លារឱ្យកម្ពុជាពង្រឹងសមត្ថភាពតាមដានអាកាសធាតុ

KPS99TV

សេចក្តីសង្ខេប

ឥណ្ឌាផ្តល់ជំនួយឥតសំណង៩៩.២៥៥ដុល្លារ សម្រាប់ពង្រឹងសមត្ថភាពតាមដានអាកាសធាតុនៅសៀមរាប តាមអនុស្សរណៈដែលឯកអគ្គរដ្ឋទូតឥណ្ឌា និងរដ្ឋលេខាធិការក្រសួងធនធានទឹកបានចុះហត្ថលេខាថ្ងៃទី២ កុម្ភៈ។

ដើម្បីជួយដល់សុខុមាលភាពសាធារណៈ និងសេដ្ឋកិច្ចក្នុងតំបន់ ឥណ្ឌា បានផ្តល់ជំនួយឥតសំណងចំនួន ៩៩២៥៥ដុល្លារអាម៉េរិកដល់កម្ពុជា លើគម្រោងពង្រឹងសមត្ថភាពតាមដានអាកាសធាតុ នៅក្នុងខេត្តសៀមរាប។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានធ្វើឡើងរវាងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតិភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែកុម្ភៈ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកាជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងឥណ្ឌា ដើម្បីអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកកិច្ចសហប្រតិបត្តិការនាពេលកន្លងមក គឺជាកិច្ចសហការយ៉ាងល្អ និងបានកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានរួមសហការគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ មិនតែប៉ុណ្ណេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…