ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ដ្រីក្រោមឱវាទថា ដើម្បីជាការតម្រង់ទិសក្នុងការបន្តអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតលើកម្មវិធីទាំង៥ រួមមាន៖
១ ការអភិវឌ្ឍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ប្រកបដោយភាពធន់ តាមរយៈការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទ ឱ្យមាននិរន្តរភាព២ ការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ទាំងកម្រិតមូលដ្ឋាន និងកម្រិតសុវត្ថិភាពប្រកបដោយភាពធន់និងបរិយាបន្ន ៣ ការអភិវឌ្ឍសហគមន៍ជនបទ ជាពិសេសជំរុញការអភិវឌ្ឍចម្រុះ និងបន្តការអនុវត្ត ចលនាភូមិមួយផលិតផលមួយ និងចលនាភូមិគំរូប្រកបដោយភាពធន់និងបរិយាបន្ន ៤ ការបង្កើនប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ ប្រកបដោយចីរភាពដោយ ធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ មុខរបរនិងនវានុវត្តន៍ការងារ និង៥ ការលើកកម្ពស់អភិបាលកិច្ច ឌីជីថល និងកិច្ចសហប្រតិបត្តិ។
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត លើកឡើងដូចនេះក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលសន្និសីទបូកគោ ខេត្តកំពតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ជាមួយគ្នានោះ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ស្របតាមក្របខ័ណ្ឌតួនាទី ភារកិច្ចដែលប្រគល់ជូន ដើម្បីសម្រេចបានតាមគោលដៅ នៃផែនការយុទ្ធសាស្ដ្ររបស់ក្រសួង និងឈានទៅសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ គឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព»។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបានឆ្លើយតបចំគោលដៅ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការចូលរួមឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ៖ ប៉ៃ សុឃីម
















