យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទូទៅឱ្យបានជ្រាប អំពីការតវ៉ាយ៉ាងដាច់អហង្ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងវប្បធម៌ នៃព្រះរាជាណាចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាពនានា ដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីម្តងទៀតថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមានសុពលភាព ស្របតាមច្បាប់អន្តរជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍អំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង នៃប្រាសាទតាក្របី ដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។
កម្ពុជា មិនអាចទទួលយកបាននូវ ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា ក៏ដូចជាសកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬសកម្មភាពណាមួយ ដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌ នៃតំបន់ទាំងនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់ និងគោលការណ៍ដែលត្រូវបានគាំទ្រដោយអង្គការអន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម







