រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវ Manuela V. Ferro បានសម្ដែងអំណរគុណ និងសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតី។ លោកជំទាវបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាននូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។  

ការណ៍នេះបានធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានការវិវឌ្ឍទៅមុខប្រកបដោយថាមពល។ ជាក់ស្ដែង ក្នុងអំឡុងវិបត្តិកូវីដ-១៩ កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយ ដែលសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ បន្ថែមលើសពីនេះ លោកជំទាវបានអះអាងថា ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ ដូចជា អប់រំ សុខាភិបាល និងកសិកម្ម។ លោកជំទាវបន្តថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាពវិស័យសក្ដានុពល រួមមាន ថាមពល កសិកម្ម កសិ-ឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលមានស្រាប់។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតី បានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការផ្ដោតអាទិភាពលើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងការអប់រំចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិសជ្រើសរើសជំនាញ។ បន្ថែមពីនេះ សម្ដេចបវរធិបតី ក៏បានលើកពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥លាននាក់ សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។ សម្ដេចបវរធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំនៃវិស័យទាំងនេះ។ សម្ដេចបវរធិបតីបានជំរុញលើកទឹកចិត្ត ឱ្យធនាគារពិភពលោកបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

ជាចុងបញ្ចប់ សម្ដេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន រួមមាន ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន វិស័យឌីជីថល ថាមពលកកើតឡើងវិញ អប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…