ថ្មីៗនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានតវ៉ាយ៉ាងខ្លាំងទៅក្រសួងវប្បធម៌ថៃ អំពីសកម្មភាពថៃនៅតំបន់ប្រាសាទតាមាន់ (Ta Moan) និងតាក្របី (Ta Krabei)។ កម្ពុជាបញ្ជាក់ថា ប្រាសាទទាំងពីរស្ថិតនៅខេត្តឧត្តរមានជ័យនិងជាដែនអធិបតេយ្យកម្ពុជា ដោយយោងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ ព្រមទាំងផែនទីដែលទទួលស្គាល់ជាផ្លូវការ ហើយថៃមិនត្រូវសាងសង់ឬជួសជុលដោយគ្មានការអនុញ្ញាតឡើយ។
កម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតប្រាសាទតាក្របី ដែលកសាងនៅសតវត្សទី១១ និងស្ទើរតែបាក់បែកទាំងស្រុងក្រោយយោធាថៃបាញ់ផ្លោងនិងវាយប្រហារជាច្រើនលើកកាលពីខែធ្នូឆ្នាំមុន។ កម្ពុជាថា ការប្រើកម្លាំងលើបេតិកភណ្ឌ ការជួសជុលឬសាងសង់គ្មានការអនុញ្ញាត ឬសកម្មភាពប៉ះពាល់ឋានៈប្រវត្តិសាស្ត្រ វប្បធម៌និងផ្លូវច្បាប់របស់ប្រាសាទ សុទ្ធតែមិនអាចទទួលយកបាន ហើយទាមទារឱ្យថៃបញ្ឈប់ភ្លាម គោរពអធិបតេយ្យភាពកម្ពុជា និងដោះស្រាយដោយសន្តិវិធីនិងស្របច្បាប់។

កម្ពុជាថា ការបំផ្លាញដូចនៅតាក្របី គឺជាការប៉ះពាល់ស្មារតីនិងអត្តសញ្ញាណប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌និយាយថា នឹងបន្តការពារបេតិកភណ្ឌជាតិ និងសហការក្រោមការគោរពគ្នានិងច្បាប់អន្តរជាតិ។ ក្រសួងការបរទេសថា ថៃបានចូលកាន់កាប់ទឹកដីកម្ពុជា រួមមានអូរស្មាច់ ប្រាសាទ Kena តាក្របី និងតាមាន់ធំ ក្នុងអំឡុងថ្ងៃទី៧ដល់២៧ ខែធ្នូឆ្នាំមុន។
ព័ត៌មានសរុបដោយ KPS99TV។






