ដើម្បីឆ្លើយតបជាបន្ទាន់នឹងតម្រូវការរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងអំឡុងពេល និងក្រោយពេលមានវិបត្តិសង្គ្រាមព្រំដែន ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃ លោក អឿន រតនា ប្រធានអង្គការ CIDO បានបញ្ជាក់ថា ក្រៅពីការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៦បន្ទប់ នាពេលនេះ អង្គការក៏បានប្រកាសផ្តល់គម្រោងសាងសង់អគារសិក្សាបន្ថែមចំនួន ២ខ្នងទៀត (ស្មើនឹង ១២បន្ទប់) ព្រមទាំងចែកស្រូវពូជដល់កសិករចំនួន ៩៤គ្រួសារ។
សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ដែលទទួលបានកញ្ចប់ថវិកាជំនួយសរុបចំនួន ១,០០៧,១៨៩ ដុល្លារអាមេរិក ពីមូលនិធិហ្វារ៉ូស នៃប្រទេសហូឡង់។ គម្រោងនេះមានរយៈពេលអនុវត្ត ៣ឆ្នាំ (២០២៥–២០២៧) ក្នុងគោលបំណងលើកស្ទួយជីវភាព បង្កើនប្រាក់ចំណូល កែលម្អអនាម័យ និងការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៦បន្ទប់ ព្រមទាំងការផ្តល់គម្រោងសាងសង់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងការផ្តល់ស្រូវពូជដល់កសិករចំនួន ៩៤គ្រួសារ ត្រូវបានរៀបចំឡើងនៅក្រោមអធិបតីភាព លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ និងលោក ភីត ម៉ាស៍ (Mr. Piet Mars) អគ្គនាយកមូលនិធិហ្វារ៉ូស នៅភូមិម៉ាលីស្រោង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖
«ការវិនិយោគលើវិស័យអប់រំ តាមរយៈការផ្តល់អគារសិក្សាដែលមានស្តង់ដារ នាពេលនេះ គឺជាការបណ្ដុះគ្រាប់ពូជបញ្ញាដ៏សំខាន់ សម្រាប់កុមារនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ដើម្បីឱ្យពួកគេមានអនាគតភ្លឺស្វាង និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ»។
លោកស្រី អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឲ្យបានគង់វង្ស ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅបានយូរអង្វែង ហើយក៏បានជំរុញឲ្យកសិករដែលទទួលបានពូជស្រូវ ខិតខំបង្កបង្កើនផល ដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងផងដែរ៕ ដោយ៖ ប៉ៃ សុឃីម
















