ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជា រហូតដល់ឆ្នាំ២០៣២

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ផាន់ ផល្លា ថា អឺរ៉ុបនឹងបន្តអនុគ្រោះពាណិជ្ជកម្ម៣ឆ្នាំក្រោយការចាកចេញពី LDCs ចុងឆ្នាំ២០២៩ រហូតដល់ចុងឆ្នាំ២០៣២ ខណៈរបាយការណ៍ក៏លើកឡើងពីការដក EBA មួយផ្នែកកាលពីឆ្នាំ២០២០។

សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្មតាមប្រព័ន្ធ EBA ដល់ព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ឆ្នាំបន្ថែមទៀត បន្ទាប់ពីកម្ពុជា ចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅចុងឆ្នាំ២០២៩ ដែលមានន័យថា ការអនុគ្រោះពន្ធនេះ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០៣២។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា កម្ពុជា នឹងចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ នៅចុងឆ្នាំ២០២៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច របស់កម្ពុជា នឹងបណ្តាលឱ្យបាត់បង់អត្ថប្រយោជន៍មួយចំនួន ជាពិសេសការទទួលបានហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះជាមួយប្រទេសមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា សម្រាប់រយៈពេល ៣ឆ្នាំបន្ថែមទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖
«ចាប់ពីឆ្នាំ២០៣០ ការអនុគ្រោះពន្ធពីប្រទេសជាច្រើន នឹងត្រូវបញ្ចប់ ប៉ុន្តែសហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធ បន្ថែមរយៈពេល ៣ឆ្នាំទៀត ដល់កម្ពុជា»។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកត់សម្គាល់ផងដែរថា ទោះបីជាកម្ពុជា មិនទាន់ចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការក៏ដោយ ក៏ប្រទេសនេះ បានចាប់ផ្តើមបាត់បង់ការអនុគ្រោះមួយចំនួនបន្តិចម្តងៗរួចហើយ ដោយសារតែសមត្ថភាពប្រមូលចំណូល និងការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែប្រសើរឡើង ដែលនាំឱ្យដៃគូអភិវឌ្ឍន៍មួយចំនួន កាត់បន្ថយការផ្តល់ប្រាក់កម្ចីសម្បទាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ទោះបីជាការចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច អាចនឹងមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាល បានគិតគូរជាយុទ្ធសាស្ត្រ និងត្រៀមខ្លួនរួចជាស្រេច ហើយការចាកចេញនេះ ក៏ជាឱកាសសម្រាប់ការបើកផ្លូវថ្មី ក្នុងការកសាងកេរ្តិ៍ឈ្មោះប្រទេស ឱ្យកាន់តែរីកចម្រើនផងដែរ។

ចាប់តាំងពីឆ្នាំ២០០១ មក កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ» (Everything But Arms – EBA) ពីសហភាពអឺរ៉ុប ដោយអាចនាំចេញទំនិញគ្រប់ប្រភេទ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដោយមិនបង់ពន្ធ។ ទោះជាយ៉ាងណាក៏ដោយ នៅខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានដកហូតផ្នែកខ្លះនៃ EBA ប្រមាណ ២០ភាគរយ ពីការអនុគ្រោះពន្ធរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា ចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងបាត់បង់អត្ថប្រយោជន៍មួយចំនួនក៏ពិតមែន ប៉ុន្តែនេះ គឺជាមោទនភាពដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លោកបានបន្ថែមថា នៅពេលកម្ពុជា ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ និងឈានទៅជាប្រទេសអភិវឌ្ឍន៍ នាពេលខាងមុខ ក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិល្បីៗ នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនផងដែរ។

សូមជម្រាបថា កម្ពុជា ត្រូវបានចាត់បញ្ចូលជាប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ១៩៩១ និងបានបំពេញលក្ខណៈវិនិច្ឆ័យចាកចេញ បានចំនួន ២លើកជាប់ៗគ្នា តាមការវាយតម្លៃរបស់គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ នៅឆ្នាំ២០២១ និងឆ្នាំ២០២៤។ ការចាកចេញនេះ ផ្អែកលើលក្ខណៈវិនិច្ឆ័យ ៣ចំណុច រួមមាន ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន។

យោងតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា នឹងត្រូវចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…