ក្រសួងការបរទេសកម្ពុជាបានប្រកាសតវ៉ាជាផ្លូវការប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបីរបស់កងកម្លាំងប្រដាប់អាវុធថៃចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ពោលគឺនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែន អន្តរជាតិអានសេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី០៤ ខែកុម្ភៈ។
ក្រសួងការបរទេស បានចាត់ទុកសកម្មភាពនេះ ជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា អាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការគ្រប់គ្រង់ដោយយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេវិញ។
កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះដែលជាការពង្រឹងការកាន់កាប់លើទឹកដីកម្ពុជាដោយប្រទេសថៃ។ បើតាមក្រសួងការបរទេសកម្ពុជា សកម្មភាពនេះ ផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង និងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត









