ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀបវារៈចំនួន ១១ យកមកពិនិត្យ និងពិភាក្សា

KPS99TVថតរូប:កែវ ដារ៉ាសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមប្រឹក្សាខេត្តព្រះសីហនុបានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ ពិភាក្សារបៀបវារៈ១១ និងណែនាំការរៀបចំអនាម័យ សោភ័ណភាព និងសន្តិសុខសម្រាប់បុណ្យចូលឆ្នាំចិន។

ខេត្តព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ព្រមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធ ឲ្យបន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អសោភ័ណភាព អនាម័យបរិស្ថាន នៅតាមមន្ទីរ អង្គភាព និងដងផ្លូវសាធារណៈ តាមតំបន់ឆ្នេរ និងទីប្រជុំជននានា ជាពិសេសការធានាសន្តិសុខ និងសុវត្ថិភាពសាធារណៈ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន នាពេលខាងមុខ។

ជាមួយគ្នានោះដែរ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ជាពិសេសក្មេងទំនើង ត្រូវធ្វើការបង្ការ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដូចភ្លៀងរលឹម ស្របតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច ចំណុះសាលាខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នេះ មានរបៀបវារៈចំនួន ១១ យកមកពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ។

បន្ទាប់ពីស្តាប់របាយការណ៍ និងការពិភាក្សារបស់មន្ទីរ អង្គភាព ក្រុង ស្រុក និងខេត្តរួចមក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឲ្យមន្ទីរ អង្គភាព ក្រុង ស្រុក បន្តអនុវត្តផែនការសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ស្របតាមលិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…