ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបានសិក្សាបឋមលើបណ្តាញរថភ្លើងក្រោមដីនៅទីក្រុងភ្នំពេញ

KPS99TV

សេចក្តីសង្ខេប

ក្រសួងសាធារណការ និងដឹកជញ្ជូនបានសិក្សាបឋមបណ្តាញ METRO នៅភ្នំពេញ និងបន្តសិក្សាផ្លូវដែកភាគខាងជើងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លូវដែកធុនស្រាលទៅអាកាសយានដ្ឋានតេជោ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានសិក្សាបឋមលើបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសប្រព័ន្ធ ឬអន្តរដឹកជញ្ជូនណាមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវបរិស្ថាននិងសោភណភាពទីក្រុង ថែមទាំងមានតម្លៃសមរម្យជូនប្រជាជនទូទៅ។ នេះបើតាមអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងសាធារណការ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ក្រសួងបានសម្រេចដោយជោគជ័យ លើការរៀបចំនិងដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពី ការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែក និងផ្លូវដែក ព្រមទាំងបានបញ្ចប់ការអនុវត្តគម្រោងដំឡើងផ្លាកសញ្ញាចរាចរណ៍នៅត្រង់ចំណុចឆ្លងកាត់ផ្លូវដែកទាំង២ខ្សែ ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។

ឯកឧត្តម បានបន្ថែមថា ក្រសួងក៏បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងប្រសិទ្ធភាពសម្រាប់ការដឹកជញ្ជូនផ្លូវដែក តាមរយៈការបន្តសហការក្នុងការថែទាំ ស្តារ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ ពិសេសការជំរុញអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តផ្លូវដែក និងជំរុញការសិក្សាលើកកម្រិតផ្លូវរថភ្លើងដែលមានស្រាប់នៅភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ឱ្យបើកបរបានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង, ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវដែកធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ព្រមទាំងការសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…