ជនសង្ស័យជាជនបរទេសចំនួន ២,៥០៨នាក់ មាន ៧សញ្ជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេលមួយខែដើមឆ្នាំ ២០២៦។ នេះបើតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈនេះ។
ចាប់តាំងពីថ្ងៃទី០១ ខែមករារហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ច បានបង្រ្កាបនិងបិទខ្ទប់សកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានទៅលើទីតាំងសរុបចំនួន១៩០កន្លែង។ ក្នុងនោះមានកាស៊ីណូចំនួន ៤៤ នៅក្នុងខេត្តព្រះសីហនុ, កំពត, កណ្តាល, ស្វាយរៀង, រាជធានីភ្នំពេញ, ពោធិ៍សាត់, ព្រៃវែង និងខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨នាក់ មាន ៧សញ្ជាតិ គឺជនជាតិនេប៉ាល់ ចិន ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដេសថែមទាំងបានរឹបអូសវត្ថុតាងជាច្រើនប្រភេទ/គ្រឿង មានកុំព្យូទ័រ ទូរស័ព្ទ ស៊ីមកាតជាដើម និងបំពេញសំណុំរឿង ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ក្នុងចំណោមករណីធំៗ មានរាប់បញ្ចូលចំណាត់ការលើសំណុំរឿងសំខាន់ៗដោយបានចាប់ខ្លួន និងអនុវត្តនីតិវិធីតុលាការចំពោះមេខ្លោង និងអ្នកសមគំនិតមួយចំនួនទៀត, ការបង្ក្រាបដល់ទីតាំងដែលឧក្រិដ្ឋជនបានប្រើប្រាស់សម្រាប់ធ្វើសកម្មភាពឆបោកអនឡាញ ដោយរាប់ទាំងករណីក្លែងជាសមត្ថកិច្ចផ្សេងៗដើម្បីឆបោកទៅក្រៅប្រទេស ព្រមទាំងកិច្ចសហការជាមួយសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន អាមេរិក កូរ៉េ ជាដើម ក្នុងការបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំងនៅពីក្រោយករណីទាំងនេះ។
គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបន្ថែមថា កម្លាំងសមត្ថកិច្ចជំនាញតាមបណ្តារាជធានី-ខេត្តកំពុងបន្តចុះបង្ក្រាប និងបំបែកសម្បុកក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការបន្តចាត់វិធានការបង្ក្រាបទ្រង់ទ្រាយធំដោយផ្អែកលើការស្រាវជ្រាវច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ ប្រតិបត្តិការទាំងនេះបានជំរុញឱ្យជនបរទេសចំនួន ១១០.០៩៥នាក់ មាន ៦សញ្ជាតិ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន បានចាកចេញពីប្រទេសកម្ពុជាក្នុងចន្លោះខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៦ ខណៈរដ្ឋាភិបាលកម្ពុជាបានកំណត់យកខែមេសា ឆ្នាំ២០២៦ ជាទឹកចុងក្រោយដើម្បីបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញឱ្យអស់ពីប្រទេស។ ប៉ុន្តែប្រសិនបើករណីបទល្មើសអនឡាញនៅតែបន្តកើតមាននៅរាជធានី-ខេត្តណានៅក្រោយខែមេសា នោះមន្ត្រីគ្រប់គ្រងរាជធានី និងខេត្តនោះត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋាភិបាល៕
ដោយ៖ ង៉ែត ពិសាន្ត









