លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការអភិវឌ្ឍទីលានទុកដាក់សំរាម និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងបាវិត គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍនខេត្ត ខណៈដែលក្រុងបាវិតកំពុងមានការរីកចម្រើនយ៉ាងរហ័សលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងកាស៊ីណូ។ ការគ្រប់គ្រងសំណល់ឲ្យបានល្អ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញវិនិយោគិន និងបង្កើនភាពជឿជាក់លើការរស់នៅប្រកបដោយចីរភាពផងដែរ។
លោកអភិបាលរងខេត្តស្វាយរៀង បានលើកឡើងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីលានទុកដាក់សំរាម និងប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីអគ្គនាយករង នៃអគ្គនាយកដ្ឋានចម្រោះទឹកកខ្វក់ មន្ត្រីជំនាញនៃអង្គភាពអនុវត្តគម្រោង (PIU) និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជាច្រើនរូបទៀត។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅសង្កាត់ច្រកម្ទេស និងបន្តដោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៅសាលប្រជុំសាលាក្រុងបាវិត។
សកម្មភាពការងារ ត្រូវបានបែងចែកជាពីរដំណាក់កាលសំខាន់ៗ ដើម្បីធានាបាននូវប្រសិទ្ធភាពទាំងក្នុងការអនុវត្តជាក់ស្តែង និងការងាររដ្ឋបាល ដូចខាងក្រោម៖
១. ក្រុមការងារ បានចុះទៅពិនិត្យដោយផ្ទាល់នៅទីលានទុកដាក់សំរាម និងប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត ដែលមានទីតាំងស្ថិតនៅសង្កាត់ច្រកម្ទេស។
ការចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃលើគុណភាពសំណង់ និងបច្ចេកទេសនៃការរៀបចំទីលានទុកដាក់សំណល់ ព្រមទាំងពិនិត្យមើលដំណើរការនៃប្រព័ន្ធរំដោះទឹក និងការគ្រប់គ្រងទឹកកខ្វក់ ដើម្បីធានាថា មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់។
២. កិច្ចប្រជុំបូកសរុប និងវាយតម្លៃ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំង ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានា ដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តការងារ។
លោក សេង សីលា បានបញ្ជាក់ថា ការចុះពិនិត្យដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញថ្នាក់ជាតិនៅថ្ងៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ត្រូវបានសាងសង់ឡើង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងរយៈពេលវែង និងប្រកបដោយបរិស្ថានបៃតង។
លោកក៏បានស្នើដល់ក្រុមការងារ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងជំរុញការងារឱ្យអនុវត្តទៅតាមផែនការដែលបានកំណត់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងបាវិត ជាពិសេសលើការលើកកម្ពស់សោភ័ណភាពក្រុង និងការរស់នៅប្រកបដោយអនាម័យ៕ ដោយ៖ ប៉ៃ សុឃីម














