ថ្លែងក្នុងកិច្ចបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសក្នុងឆ្នាំ២០២៥បានថយចុះ១៧ភាគរយធៀបនឹងឆ្នាំមុន ហើយអត្រាបង្ក្រាបសម្រេចបាន៩៦ភាគរយ។ លោកថា កម្លាំងអនុវត្តច្បាប់បានបន្តប្រតិបត្តិការសម្ពាធខ្ពស់ ធ្វើឱ្យស្ថានភាពសន្តិសុខមានភាពប្រសើរឡើងច្បាស់ និងសម្រេចបានលទ្ធផលតាមដំណាក់កាលក្នុងការបង្ក្រាបបទល្មើស។
លោកបានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកឆ្លងដែននៅតែជាអាទិភាព ដោយត្រូវពង្រឹងការប្រមូលព័ត៌មានសម្ងាត់ ភស្តុតាង ការអនុវត្តច្បាប់ និងតាមចាប់អ្នករៀបចំនិងមេខ្លោង ដើម្បីផ្តាច់ខ្សែបណ្តាញឧក្រិដ្ឋកម្ម។ ក៏ត្រូវបង្ក្រាបបទល្មើសគ្រឿងញៀន ការជួញដូរមនុស្សនិងកម្លាំងពលកម្ម ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សារបស់ក្រុមក្មេងទំនើងផងដែរ។

លោកបានបញ្ជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជូនជនសង្ស័យបរទេសត្រឡប់ទៅប្រទេសដើម និងចាត់ការសំណុំរឿងតាមច្បាប់ដោយមានសណ្តាប់ធ្នាប់។ លោកបានកោតសរសើរនគរបាលជាតិ មន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចំពោះការងារក្នុងឆ្នាំកន្លងទៅ ដើម្បីរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និងសុវត្ថិភាពសាធារណៈ។
រៀបរៀងដោយក្រុមការងារនិពន្ធ។






