ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សត្វទន្សោងចំនួន១៦ក្បាលត្រូវបានក្រុមអភិរក្សបើកប្រតិបត្តិការចាប់ដោយជោគជ័យយកទៅដាក់នៅដែនជម្រកសត្វព្រៃសៀមប៉ាង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ប្រតិបត្តិការថ្ងៃទី២–៧ កុម្ភៈផ្ទេរទន្សោង១៦ក្បាល ឈ្មោល៩និងញី៧ ទៅតំបន់សុវត្ថិភាព ហើយចំនួនរួមពីពីរលើកនិងកូនកើតថ្មី២មាន៣៤ក្បាល។

ក្រុមអភិរក្សប្រតិបត្តិការគៀងចាប់សត្វទន្សោង បានធ្វើឡើងកាលពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលចាប់បានសត្វទន្សោងចំនួន១៦ក្បាល ក្នុងនោះឈ្មោលចំនួន៩ក្បាល និងទន្សោងញីចំនួន៧ក្បាលដោយបានយកចេញពីតំបន់មានហនិភ័យខ្ពស់ទៅកាន់តំបន់សុវត្ថភាពក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងស្ថិតក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។  

ចំពោះប្រតិបត្តិការចាប់គៀងចាប់សត្វទន្សោងពីតំបន់រស់នៅមិនសមស្រប យកទៅដាក់នៅតំបន់ព្រៃអភិរក្សការពារ ត្រូវបានអនុវត្តដោយជោគជ័យ ក្រោមកិច្ចសហការរវាងក្រុមអភិក្សនៃមន្ទីរកសិកម្ម មន្ទីរបរិស្ថាន កងរាជអាវុធហត្ថខេត្ត អាជ្ញាធរស្រុកបុរីអូរស្វាយ និងសហគមន៍ពាក់ព័ន្ធ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា សត្វទន្សោងដែលត្រូវបានគៀងចាប់យកទាំងនោះ ពួកវាមានសុខភាពល្អ និងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ព្រៃអភិរក្សដែលមានបរិស្ថានសមស្រប សម្បូរអាហារ និងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងការបន្តពូជថែមទៀត ។លោកបន្តថា ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពសត្វ និងបរិស្ថានជុំវិញ ។មួយវិញទៀត ការផ្ទេរសត្វទន្សោងទៅកាន់តំបន់ព្រៃអភិរក្ស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិរក្សសត្វព្រៃ និងការការពារជីវចម្រុះធម្មជាតិ ព្រមទាំងកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចរវាងសត្វព្រៃ និងប្រជាពលរដ្ឋ ។

លោកប្រធានមន្ទីរបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារ និងថែរក្សាសត្វព្រៃ ដោយជៀសវាងការបរបាញ់ ឬការបំផ្លាញទីជម្រកធម្មជាតិ ដើម្បីឲ្យសត្វព្រៃអាចរស់នៅបានយ៉ាងប្រកបដោយចីរភាព ។

គួររំឭកថា ប្រតិបត្តិការគៀងចាប់ទន្សោងខាងលើ បានធ្វើឡើងចំនួនពីរលើកហើយ ដោយលើកទីមួយ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គឺ បានទន្សោងចំនួន១៦ក្បាល ក្នុងនោះឈ្មោលចំនួន ៥ក្បាល និងញីចំនួន ១១ក្បាល សរុបសត្វទន្សោងដែលគៀងចាប់បានទាំងពីរលើកមានចំនួន៣៤ក្បាលហើយ ដោយបូកបន្ថែមកូនទើបកើតថ្មីចំនួន២ក្បាលផងដែរ ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…