ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំឲ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋមន្ត្រី ជា សុមេធី ណែនាំការងារនេះក្នុងពិធីប្រកាសប្រធានមន្ទីរខេត្តកំពតថ្ងៃទី៩ កុម្ភៈ ដោយផ្ដោតលើជនក្រីក្រ ជនរងគ្រោះនិងជនងាយរងគ្រោះ។

រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពន្លឿនការចាកចេញពីភាពក្រីក្រ ប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តកម្មវិធីនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

នេះបើតាមការថ្លែងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីប្រកាស លោក ស៊ុយ សុភ័ក្ត្រវិបុល ចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម ជា សុមេធី បានមានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីកំណត់វិធានការ នីតិវិធី លក្ខខណ្ឌ យន្តការគ្រប់គ្រង និងការផ្តល់អត្ថប្រយោជន៍នានា នៃកម្មវិធីជាតិគាំពារសង្គម ក្នុងគោលបំណងជំរុញការចាកចេញពីភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសលោកប្រធានមន្ទីរដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើផលប្រយោជន៍ជនរងគ្រោះ និងជនងាយរងគ្រោះ ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៤–២០២៨ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ត្រូវសហការ និងរក្សាទំនាក់ទំនងល្អជាមួយអង្គភាពជំនាញនានារបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ព្រមទាំងសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថា រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី និងអ្នកសុំទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងវិស័យទេសចរណ៍របស់ខេត្ត។

នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា នៅខេត្តកំពត រាល់ការតែងតាំងប្រធានមន្ទីរ និងអង្គភាព ត្រូវមានការឯកភាពពីមន្ត្រីមន្ទីរ អង្គភាពសាមីជាមុនសិន ទើបរដ្ឋបាលខេត្តធ្វើការវាយតម្លៃលើសមត្ថភាព លទ្ធភាព គុណវុឌ្ឍិ គុណធម៌ សីលធម៌ និងសក្តានុពលភាពជាអ្នកដឹកនាំ រួចទើបបញ្ជូនសំណើបន្ត៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…