ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ពិធីថ្ងៃទី៩ កុម្ភៈនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ភ្នំព្រះរាជទ្រព្យ–ឧដុង្គ អបអរ៥៦ឆ្នាំនៃការបកប្រែពេញលេញ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក។

រាជរដ្ឋាភិបាលកម្ពុជា បានលើកតម្កើងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់គណៈសង្ឃនាយកទាំងពីរគណនិកាយនៅកម្ពុជា ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស។

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យអបអរសាទរ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ ពិធីសូត្រព្រះត្រៃបិដក និងពិធីរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ដែលប្រារព្ធឡើងនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ–ភ្នំឧដុង្គ)។

ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង៖ (១) អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ និងរំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២) រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌ដ៏មានតម្លៃនេះ និង (៣) សូត្រព្រះត្រៃបិដក ដើម្បីលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឲ្យកាន់តែរីកសុះសាយ។

ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចចំនួន ៣ ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យចំពោះព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង ៣ ចំណុចនោះ រួមមាន៖ (១) ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា និងយោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដក ជាពុទ្ធវចនៈ (២) ការរៀបចំពិធីសូត្រព្រះត្រៃបិដកជាភាសាខ្មែរ រៀងរាល់ ៥ ឆ្នាំម្តង នៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣) ការរៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…