ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដាក់ចេញវិធានការអន្តរាគមន៍ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមការងារចុះពិនិត្យថ្ងៃទី១០ កុម្ភៈនៅភូមិទី១៥ ក្រុងកំពង់ចាម និងដាក់វិធានការបាវខ្សាច់ GeoTextile បណ្ដោះអាសន្ន ក្រោយបាក់ច្រាំងយប់ថ្ងៃទី៣០ មករា។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុត ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញវិធានការជួយអន្តរាគមន៍ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេមេគង្គបន្តទៀត ដោយប្រើប្រាស់បាវខ្សាច់ (GeoTextile)។

សូមបញ្ជាក់ថា ហេតុការណ៍ច្រាំងទន្លេមេគង្គបាក់ស្រុត នៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។

ចំពោះទំហំនៃការខូចខាត រួមមាន៖ (១) ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ ម៉ែត្រ ទទឹង ១,១ ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ ម៉ែត្រ ដល់ ១,៦ ម៉ែត្រ និង (២) ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ ម៉ែត្រ ទទឹង ៣២ ម៉ែត្រ ក្នុងនោះមានផ្នែកប្រឈមប្រវែង ៣៥ ម៉ែត្រ កម្ពស់ចាប់ពី ០,១ ម៉ែត្រ ដល់ ០,៣ ម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…