ប្រធានកិត្តិយសសាខាសមាគមនារីខេត្តព្រះសីហនុ លោកជំទាវ គីម សុភ័ក្រ្ត បានចាត់ទុកសាខាសមាគមនារី និងក្រុមចលនាស្រ្តីខេត្តព្រះសីហនុ ជាតួអង្គដ៏សំខាន់ដែលស្ថាប័នទាំងអស់មិនត្រូវមើលរំលង ខណៈលោកជំទាវមើលឃើញថា ស្រ្តីគឺជាស្នូល និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិដែលមានសមត្ថភាពអាចធ្វើបានលើសពីបុរសក្នុងចំណុចខ្លះ។
ការលើកឡើងរបស់លោកជំទាវ គីម សុភ័ក្រ្ត ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមចលនាស្រ្តីខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។
លោកជំទាវប្រធានកិត្តិយស បានគូសបញ្ជាក់ថា «ក្រៅពីការងារស្របតាមលក្ខន្តិកៈរបស់សមាគម យើងខ្ញុំក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាគ្រប់គ្រងសតិអារម្មណ៍ប្រជាជននៅមូលដ្ឋានផងដែរ» ជាពិសេសស្ថិតក្នុងកាលៈទេសដែលប្រទេសជាតិប្រឈមនឹងផលវិបាកនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ភាគីថៃ សមាគមនារី និងក្រុមចលនាស្រ្តី បានចូលរួមបំផុសចលនាមហាជនក្នុងនាមជាកងទ័ពជួរក្រោយជួយដល់កងទ័ពជួរមុខ តាមរយៈ ការចូលរួមបរិច្ចាកថវិកា សម្ភារៈ ម្ហូបអាហារ ចូលរួមរៀបចំ និងវេចខ្ចប់ស្បៀងអាហារជូនដល់វីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែន»។
បន្ថែមពីនេះ សមាគមនារី និងក្រុមចលនាស្រ្តី ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាជនភៀសសឹក និងសិស្សានុសិស្សដែលភៀសខ្លួនមករស់នៅក្នុងខេត្តព្រះសីហនុ ថែមទាំងបានចុះជួបសំណេះសំណាលលើកទឹកចិត្តដល់ភរិយាកងទ័ពនៅមូលដ្ឋានសមុទ្ររាមដែលស្វាមីរបស់ពួកគាត់បាននឹងកំពុងប្រចាំការនៅតំបន់ព្រំដែនទៀតផង៕
ដោយ៖ ង៉ែត ពិសាន្ត












