ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យសកម្មភាពមីន ត្រូវបានបន្តពង្រឹងបន្ថែម ខណៈភាគីទាំងពីរប្តេជ្ញារួមគ្នាកាត់បន្ថយគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រារព្ធឡើងនាពេលខាងមុខ។
ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងកំពុងផ្តល់ការគាំទ្រដល់ការបោសសម្អាតមីន ការផ្តល់ជំនាញបច្ចេកទេស ការកសាងសមត្ថភាព ការអប់រំយល់ដឹងពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការជួយសង្គ្រោះជនរងគ្រោះ។
ឯកឧត្តមបានបញ្ជាក់ថា ការគាំទ្ររបស់ចិន បានឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងបង្កើនឱកាសអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាពិសេស ចិនបានផ្តល់ជំនួយបន្ទាន់គាំទ្រការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកពីជម្លោះកម្ពុជា–ថៃ និងជំនួយមនុស្សធម៌សម្រាប់ជួយប្រជាពលរដ្ឋភៀសសឹក។
ជាការឆ្លើយតប ឯកឧត្តម Wang Wenbin អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រវិស័យនេះ ដោយចាត់ទុកថា ជាវិស័យអាទិភាពសំខាន់មួយក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ កម្ពុជា–ចិន។
លោកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន និងគ្រោងរៀបចំដំណើរទស្សនកិច្ចរួមគ្នា ក្នុងឆ្នាំ២០២៦ ខាងមុខ ដើម្បីចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន។
ការបន្តគាំទ្ររបស់ចិនក្នុងវិស័យសកម្មភាពមីន ត្រូវបានចាត់ទុកថា ជាផ្នែកសំខាន់ក្នុងការជំរុញសុវត្ថិភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ខណៈប្រទេសកំពុងខិតខំសម្រេចគោលដៅកម្ពុជាគ្មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដោយ៖ KPS99TV










