ដំណាំមៀនប៉ៃលិន ត្រូវបានកសិករដាំដុះស្ទើរគ្រប់ស្រុកក្នុងខេត្តបាត់ដំបង ដោយស្រុកខ្លះដាំច្រើន និងស្រុកខ្លះដាំតិច ខណៈស្រុករតនមណ្ឌល មានការដាំដុះច្រើនជាងគេ។ នេះបើយោងតាមការបញ្ជាក់របស់លោក ហេង សិទ្ធ មន្ត្រីទទួលបន្ទុកការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។ បច្ចុប្បន្ន ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះមៀនប៉ៃលិនសរុបប្រមាណជាង ៦,០០០ ហិកតា។
ចំណែកលោក ឈឹម វិច្ចរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំបច្ចេកទេសក្នុងការដាំដុះ និងថែទាំពីមន្ត្រីជំនាញ បានជំរុញឲ្យទិន្នផលផ្លែមានបរិមាណខ្ពស់ និងមានគុណភាពសមស្របតាមស្តង់ដារអនាម័យ សម្រាប់នាំចេញទៅក្រៅប្រទេស។ នៅឆ្នាំនេះ ដំណាំមៀនប៉ៃលិន (តាង៉ែន) របស់កសិករ ទទួលបានផលតាមការរំពឹងទុក។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបានចុះពិនិត្យ និងសិក្សាចម្ការមៀនប៉ៃលិនរបស់កសិករក្នុងស្រុករតនមណ្ឌល លោកនឹងស្វែងរកដៃគូវិនិយោគសាងសង់កន្លែងកែច្នៃ និងវេចខ្ចប់មៀនប៉ៃលិន ដើម្បីនាំចេញទៅប្រទេសចិន បន្ថែមពីលើតម្រូវការទីផ្សារក្នុងស្រុក ក្នុងគោលបំណងបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករឲ្យកាន់តែប្រសើរឡើងថែមទៀត។ ដោយ៖ ប៉ៃ សុឃីម









