បើយោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០ លានដុល្លារ នៅខេត្តមណ្ឌលគិរី។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនដែលវិនិយោគលើស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុននេះបានមកវិនិយោគនៅកម្ពុជាលើវិស័យផ្សេងៗអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០ មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាមួយទំហំទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២ កន្លែង។ ដោយ៖ ប៉ៃ សុឃីម








