ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះសីហនុអំពាវនាវឱ្យប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទុកដាក់សំរាមត្រឹមត្រូវ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

ម៉ាង ស៊ីណេត ថ្លែងថ្ងៃទី១២ កុម្ភៈថា ឆ្នេរស្អាតត្រូវការការចូលរួមទាំងអស់គ្នា និងការវេចខ្ចប់សំរាមដាក់ធុង ដើម្បីងាយប្រមូលដោយរថយន្ត។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ អ្នកលក់ដូរ និងភ្ញៀវទេសចរទាំងអស់មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យជួយថែរក្សាអនាម័យតាមឆ្នេរសមុទ្រ និងតាមដងផ្លូវដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈនៅតំបន់ឆ្នេរក៏មានធុងសំរាមសម្រាប់ឱ្យភ្ញៀវនិងអ្នកលក់ដូរទុកដាក់សំរាមឱ្យបានល្អដែរ។

សាររបស់ឯកឧត្តម ម៉ាង ស៊ីណេត បាននិយាយនៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារតាមឆ្នេរសមុទ្រ និងតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ទាល់តែមានការចូលរួមសម្អាតអនាម័យទាំងអស់គ្នាទើបឆ្នេរយើងស្អាត។ ពិសេសអ្នកលក់ដូរតែម្តង បើចង់ឱ្យមានភ្ញៀវទេសចរមកលេងកម្សាន្ត និងជួយទិញច្រើន លុះត្រាតែឆ្នេរយើងស្អាត នៅពេលដែលឆ្នេរស្អាតនោះភ្ញៀវទេសចរក៏មកលេងកម្សាន្តច្រើនដែរ។ ម្ល៉ោះហើយ ត្រូវចូលរួមសម្អាតអនាម័យឱ្យបានស្អាតទាំងអស់គ្នា។ យ៉ាងណា ឯកឧត្តមពន្យល់ថា ប្រជាពលរដ្ឋដែលមកលេងខេត្តព្រះសីហនុហើយអង្គុយហូបអីរួចត្រូវជួយវេចខ្ចប់ទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ចំណែក អ្នកលក់ដូរក៏ដូចគ្នាដែរ។ ធ្វើដូច្នេះ ដើម្បីឱ្យរថយន្តដឹកសំរាមងាយស្រួលក្នុងប្រមូលឱ្យបានល្អប្រសើរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…