«ខ្ញុំមិនហ៊ានស្រម៉ៃនោះទេ ប្រសិនបើគ្មានបងប្អូនអ្នកសម្អាតអនាម័យនៅតាមឆ្នេរ និងតាមដងផ្លូវសាធារណៈទេ មិនដឹងថា ទីក្រុងរបស់យើងទៅជាយ៉ាងណានោះឡើយ ហើយក៏មិនដឹងថា សំរាមនៅតាមឆ្នេរ និងតាមដងផ្លូវមានដល់កម្រិតណានោះដែរ»។ នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកសម្អាតអនាម័យ ថែទាំសួនច្បារតាមឆ្នេរសមុទ្រ និងតាមដងផ្លូវ ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏មើលឃើញពីការលំបាករបស់បងប្អូនអ្នកសម្អាតអនាម័យដែរ ដោយសារប្រជាពលរដ្ឋមួយចំនួនពួកគាត់មិនយល់អំពីការទុកដាក់សំរាមនៅតែបន្តបោះចោលពាសវាលពាសកាល នាំឱ្យប៉ះពាលសណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង។ ម្ល៉ោះហើយ ឯកឧត្តម ដឹងថា «ការងារនេះពិបាក ជួនកាលយើងសម្អាតនៅកន្លែងនេះ ដើរទៅដល់មុខគេបោះចោលនៅខាងក្រោយវិញ អ៊ីចឹងមានតែសម្អាតទៅមកៗជាប់ជាប្រចាំ»។ ប៉ុន្តែទោះបីជាយ៉ាងណា ឯកឧត្តម ម៉ាង ស៊ីណេត ស្នើសុំឱ្យបងប្អូនមានការអត់ធ្មត់ខំប្រឹងសម្អាត ដើម្បីលើកកម្ពស់កិត្តិនាម និងសោភណ្ឌភាពទីក្រុង។
ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ថា ការដែលនាំឱ្យខេត្តព្រះសីហនុទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងបានទទួលពានរង្វាន់ទីក្រុងស្អាតប្រចាំតំបន់អាស៊ាននៅប្រទេសហ្វីលីន កាលពីពេលថ្មីៗនេះ ក៏មានចំណែករបស់បងប្អូនអ្នកសម្អាតអនាម័យដែរ។ ដូច្នេះ ការកោតសរសើរ និងទទួលបានលទ្ធផលទាំងនេះ សូមជូនបងប្អូនអ្នកសម្អាតអនាម័យទាំងអស់។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណចំពោះការលះបង់គ្រប់យ៉ាងរបស់បងប្អូនបុគ្គលិកសម្អាតអនាម័យទាំងអស់ ដើម្បីឱ្យទីក្រុងព្រះសីហនុស្រស់ស្អាត។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរ និងភ្ញៀវទេសចរទាំងអស់មកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យជួយថែរក្សាអនាម័យតាមឆ្នេរសមុទ្រ និងតាមដងផ្លូវដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈនៅតំបន់ឆ្នេរក៏មានធុងសំរាមសម្រាប់ឱ្យភ្ញៀវនិងអ្នកលក់ដូរទុកដាក់សំរាមឱ្យបានល្អដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត











