ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទពិនិត្យផ្លូវ៥ខ្សែនៅស្វាយរៀង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ដំណើរថ្ងៃទី១២ កុម្ភៈរួមមានផ្លូវមាន DBST និងបេតុង២ខ្សែ ផ្លូវ DBST២ខ្សែ និងផ្លូវក្រួស១ខ្សែ ដែលត្រូវបានណែនាំឱ្យដាក់ក្នុងគម្រោងដៃគូអភិវឌ្ឍដើម្បីកែលម្អ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទចំនួន ៥ ខ្សែ នៅក្នុងខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

ផ្លូវជនបទទាំង ៥ ខ្សែ រួមមាន៖

ខ្សែទី១ ផ្លូវ អំពិល–គគីរ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ១១,៨៦ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិអំពិល ឃុំអំពិល ទៅដល់ភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក។

ខ្សែទី២ ផ្លូវ ចន្រ្តី–ម្រាម ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ១២,៤៣ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិចន្រ្តី ឃុំចន្រ្តី ទៅដល់ភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។

ខ្សែផ្លូវទាំងពីរខាងលើនេះ ត្រូវបានអនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៥ ក្រោមក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា IFAD និង EU-AIF។

ខ្សែទី៣ ផ្លូវ ព្រៃគៀវ–កំពង់អំពិល ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២៦,៧៥៩ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃគៀវ ឃុំកំពង់ចក ទៅដល់ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល។

ខ្សែទី៤ ផ្លូវ ផ្សារចក–ពងទឹក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,១៦៦ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ តភ្ជាប់ពីភូមិចក ឃុំកំពង់ចក ទៅដល់ភូមិបុសតូច ឃុំពងទឹក ស្រុករំដួល។

ខ្សែផ្លូវទី៣ និងទី៤ ខាងលើនេះ ត្រូវបានអនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៣ ក្រោមក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី ADB។

បន្ទាប់ពីពិនិត្យគុណភាពផ្លូវចំនួន ៤ ខ្សែខាងលើរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវល្បាយក្រួស ១ ខ្សែបន្ថែមទៀត គឺផ្លូវ កក់–ត្រពាំងដំរី មានប្រវែង ១៩,៧០ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តភ្ជាប់ពីភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ទៅដល់ភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។

ក្រោយពិនិត្យឃើញស្ថានភាពផ្លូវមានការលំបាកខ្លាំង ឯកឧត្តមរដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ឲ្យដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងដៃគូអភិវឌ្ឍ ដើម្បីស្ថាបនាជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សំដៅជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យអាចប្រើប្រាស់បានគ្រប់រដូវកាល និងមានភាពយូរអង្វែង។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…