ក្រសួងកិច្ចការនារី ក្នុងសេចក្តីអំពាវនាវ បានឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ គឺជាព្រឹត្តិការណ៍អន្តរជាតិ មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងនោះទេ ហើយទិវានេះគួរត្រូវបានប្រើប្រាស់សម្រាប់ចែករំលែកសេចក្តីស្រឡាញ់ចំពោះមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិជាដើម។
ក្រសួងកិច្ចការនារី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក។
ក្នុងឱកាសនេះ ក្រសួងកិច្ចការនារី សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ យុវវ័យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់បងប្អូន កូនចៅ និងមិត្តភក្តិ ឲ្យពិចារណាអំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញពីកតញ្ញូតាធម៌ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ ជាអ្នកបន្តវេន និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងចូលរួមផ្សព្វផ្សាយ ដើម្បីឈានទៅលុបបំបាត់សកម្មភាពអវិជ្ជមាននានាក្នុងសង្គម សំដៅថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ឲ្យគង់វង្ស និងស្ថិតស្ថេរជានិរន្តរ៍។
- សេចក្តីស្រឡាញ់ កើតមានចំពោះមនុស្សគ្រប់ៗគ្នា តាមរយៈការគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។- ការថែរក្សា ការពារ និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ដោយ៖ ប៉ៃ សុឃីម








