ដោយយោងតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សយ៉ាងសកម្ម។
សកម្មភាពនេះ អនុវត្តតាមបទបញ្ជា ក្នុងគោលបំណងពង្រឹងសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះនៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅមុខគ្រឹះស្ថានសិក្សា។
គោលបំណងនៃការចុះជួយសម្រួលចរាចរណ៍នេះ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការឆ្លងកាត់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវសណ្តាប់ធ្នាប់ល្អនៅតាមមុខសាលារៀន នៅពេលសិស្សានុសិស្សចេញពីសាលា។
កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត នឹងបន្តបេសកកម្មនេះជាប្រចាំ ដើម្បីធានាថា គ្រប់ច្រកចេញ–ចូលសាលារៀនក្នុងខេត្តព្រះសីហនុ មានសុវត្ថិភាពខ្ពស់សម្រាប់កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើង។ ដោយ៖ ប៉ៃ សុឃីម










