ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ខេត្តកំពតផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្ត ក្នុងព្រឹត្តិការណ៍ “តស់ រត់នៅកំពត”

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលខេត្តនិងមន្ទីរពាក់ព័ន្ធរៀបចំព្រឹត្តិការណ៍រត់៣,៥គីឡូម៉ែត្រនាព្រឹកថ្ងៃទី១៤ កុម្ភៈ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន ដើម្បីសន្តិភាព សាមគ្គីភាពនិងទេសចរណ៍។

ខេត្តកំពត៖ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត លើកកម្ពស់សុខមាលភាព និងភាពសប្បាយរីករាយក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពតសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ “តស់ រត់នៅកំពត” ក្រោមមូលបទ ដើម្បីសន្តិភាព និងសាមគ្គីភាព ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលមានអ្នកចូលរួមរត់ប្រមាណជាង ១,៥៦៨នាក់ មានចម្ងាយ ៣.៥គីឡូម៉ែត្រតាមផ្លូវមាត់ព្រែកកំពង់បាយ ។

យុវជន និងពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍ “តស់ រត់នៅកំពត” បានសំដែងក្តីសប្បាយរីករាយ និងលើកឡើងថា តាមរយៈព្រឹត្តិការណ៍នេះគឺបានបំផុសឱ្យពលរដ្ឋមានការចូលរួមហាត់កីឡា រត់ ដើរហាត់ប្រាណ និងសកម្មភាពកីឡាផ្សេងៗ បង្កើនសាមគ្គីភាព និងទាក់ទាញភ្ញៀវទេសចរ។ ពួកគាត់បានបន្តថា ព្រឹត្តិការណ៍ “តស់ រត់នៅកំពត” នាពេលនេះទី១ គឺការស្រឡាញ់ខ្លួនឯង, ទី២ គ្រួសារ និងទី៣ សង្គមជាតិ។ មិនត្រឹមតែប៉ណ្ណោះព្រឹត្តការណ៍នៃការរត់នេះដែរ ក៏បានធ្វើឡើងដើម្បីផ្សព្វផ្សាយសន្តិភាពនៅកម្ពុជា ដែលបញ្ចាក់ថា កម្ពុជាមានសុខសន្តិភាព មានស្ថេរភាព មានសុវត្តិភាព ដែលអាចឱ្យភ្ញៀវទេសចរមកលេងកម្សាន្តបានគ្រប់ទីកន្លែងដោយមិនមានការភ័យខ្លាចនៅទូទាំងប្រទេស ពិសេសនៅក្នុងខេត្តកំពត។

នាឱកាសនោះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា អ្នកចូលរួមរត់មាន ចំនួន ១,៥៦៨នាក់ ការរត់ក្នុងរយៈចម្ងាយ ៣.៥គីឡូម៉ែត្រតាមផ្លូវមាត់ព្រែក គោលបំណង់សំខាន់ ដើម្បីបំផុសស្មារតីរក្សាសន្តិភាព និងសាមគ្គីភាពជាតិខ្មែរតែមួយ  បង្កើតឱកាសទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនាខេត្ត ផ្តល់លទ្ធភាពដល់ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្ត លើកកម្ពស់សុខមាលភាព និងភាពសប្បាយរីករាយ ដែលវាសមស្របទៅនឹងខ្លឹមសាររបស់ទិវានៃសេចក្តីស្រឡាញ់ផងដែរ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…