លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
លោកជំទាវ អភិបាលខេត្តប៉ៃលិន លើកឡើងដូចនេះក្នុងឱកាស អញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការបង្កបង្កើនផលដំណាំបន្លែ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។
លោកជំទាវ បានបន្ថែមថា៖ នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើង បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិត ដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ស្តែងបច្ចុប្បន្ននេះខេត្តប៉ៃលិន មានក្រុមហ៊ុនជាច្រើន កំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់និងសម្ងួត សម្រាប់នាំចេញ យកទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន, ប្រទេសវៀតណាម សហគមន៍អឺរុប និងសហរដ្ឋអាមេរិកជាដើម។
នៅក្នុងឱកាសនោះដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកជំទាវ អភិបាលខេត្តប៉ៃលិន បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជំរុញឱ្យពួកគាត់ បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូនផងដែរ៕
ដោយ៖ ប៉ៃ សុឃីម












