ករណីបុគ្គលិកបម្រើការនៅកាស៊ីណូ ហ្គោលដេន ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រមូលផ្តុំគ្នាទាមទារបើកប្រាក់ឈ្នួល ពេលនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយបញ្ចប់រួចរាល់យ៉ាងលឿនរហ័ស។
អ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ស៊ុន មេសា បញ្ជាក់ថា ក្រោយពីបានទទួលដំណឹងនេះភ្លាម មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានដោះស្រាយបញ្ចប់រួចរាល់ហើយទៅតាមនីតិវិធីច្បាប់។ ឯកឧត្តម ថាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់បងប្អូនបុគ្គលិក និងកម្មករនិយោជិត ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ។
អ្នកនាំពាក្យរូបនេះ ក៏បានស្នើឱ្យបងប្អូនកម្មករនិយោជិត ទាក់ទងមកលេខទូរសព្ទ ១២៨៦ ឬទាក់ទងមកមន្រ្តីជំនាញនៃក្រសួងការងារ ដើម្បីផ្ដល់ដំណោះស្រាយជូនបងប្អូនទាន់ពេលវេលា៕
ដោយ៖ ង៉ែត ពិសាន្ត









