ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែនជំរុញឱ្យអាជ្ញាធរនិងកងទ័ពកម្ពុជា-ឡាវធ្វើការជាមួយគ្នានៅតាមព្រំដែនពិសេសគ្រប់គ្រងគ្រោះទឹកជំនន់និងភ្លើងឆេះព្រៃ

KPS99TV

សេចក្តីសង្ខេប

ក្នុងជំនួបថ្ងៃទី១៧ កុម្ភៈ សម្តេច ហ៊ុន សែន និងអនុរដ្ឋមន្ត្រីការពារប្រទេសឡាវពិភាក្សាការបណ្ដុះបណ្ដាល សន្តិសុខព្រំដែន និងការគ្រប់គ្រងទឹកជំនន់និងភ្លើងឆេះព្រៃ។

ព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្តោតសំខាន់លើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវនាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ  ដោយឯកឧត្ដមប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត ។

ឯកឧត្ដមបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជា កងទ័ព អាជ្ញាធរនៃប្រទេសទាំងពីរដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់អាហារូបករណ៍ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកក្នុងការរុញច្រាននៃការបណ្ដុះបណ្ដាលមូលធនមនុស្ស នៅក្នុងវិស័យការពារជាតិនេះ ឱ្យកាន់តែរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។

សម្ដេចប្រធាន ក៏បានសម្តែងការរីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។

សម្ដេចតេជោ បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែននៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…