ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តមិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ចំណែកឯជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ គឺជាសក្ខីភាពនៃភាពម៉ឺងម៉ាត់ក្នុងការការពារទឹកដីនិងប្រជាពលរដ្ឋ ខណៈដែលកម្លាំងមហាសាមគ្គីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ គឺជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ។ ទាំងនេះគឺជាចន្ទុលដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋខ្មែរពីការរំលោភបំពាន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕
ដោយ ៖ ឡាយ កុល











