ខេត្តព្រះសីហនុ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បានដឹកនាំប្រតិភូជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះពិនិត្យផ្ទាល់វឌ្ឍនភាពការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងខ្សែផ្លូវសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញទៅពិនិត្យការដ្ឋានក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលជាតំបន់ដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន។ ចាប់តាំងពីឆ្នាំ២០២៣ មក ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចសមិទ្ធផលសំខាន់ៗ រួមមាន៖ ផ្លូវល្បាយក្រួស ចំនួន ៥ខ្សែ (ទទឹង ៨ម៉ែត្រ) សរុបប្រវែង ៧,៧០គីឡូម៉ែត្រ ស្ពាន លូប្រអប់ និងលូមូល សរុបចំនួន ១៧កន្លែង។
បច្ចុប្បន្ន ក្រសួងកំពុងសិក្សាបច្ចេកទេស ដើម្បីសាងសង់ស្ពានបេតុងបន្ថែម ប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យចាំបាច់ផ្សេងៗទៀត។
ក្រៅពីតំបន់ដីសម្បទានសង្គមកិច្ច ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានបន្តពិនិត្យស្ថានភាពផ្លូវតភ្ជាប់សំខាន់ៗចំនួន ២ខ្សែផ្សេងទៀត៖
ខ្សែទី១ (ផ្លូវ DBST) ជាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ១៦គីឡូម៉ែត្រ (ទទឹង ៦ម៉ែត្រ) ដែលបានសាងសង់ក្នុងអំឡុងឆ្នាំ ២០១៦–២០១៨។ ខ្សែផ្លូវនេះ តភ្ជាប់ពីវិថីសម្តេច ទេព្យ វង្ស (ចំណុចភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់) រហូតដល់ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។
ខ្សែទី២ (ផ្លូវ DBST) ជាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ១០,៤០គីឡូម៉ែត្រ (ទទឹង ៧ម៉ែត្រ) សាងសង់ក្នុងឆ្នាំ២០០៧។ ផ្លូវនេះ តភ្ជាប់ពីរង្វង់មូលកែវផុស (ភូមិឫទ្ធី១ ឃុំកែវផុស) ឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់។
សកម្មភាពខាងលើ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់កម្រិតជីវភាពជូនបងប្អូនអតីតយុទ្ធជន និងពង្រឹងការតភ្ជាប់ចរន្តសេដ្ឋកិច្ចពីជនបទទៅតំបន់ប្រជុំជន ឱ្យកាន់តែមានភាពងាយស្រួល និងរហ័ស។ ដោយ៖ ប៉ៃ សុឃីម


















