ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្ស១គ្រឿង ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំមនុស្សបរទេសចំនួន ១២៧៦នាក់ រួមមានភ្ញៀវទេសចរ៧៣០នាក់ និងនាវិក៥៤៦នាក់ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្តជាប់ឆ្នេរសមុទ្រដែលមានសក្តានុពលលើគ្រប់វិស័យ ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។
ក្នុងចំណោមជនបរទេស១២៧៦នាក់ ក្នុងនោះមាននាវិកចំនួន៥៤៦នាក់, ភ្ញៀវ៧៣០នាក់ ស្រី៥១២នាក់ មាន៦៤សញ្ជាតិ។ ភ្ញៀវទាំងអស់នេះ បានធ្វើដំណើរពីប្រទេសថៃ ដោយគ្រោងនឹងទស្សនៈកិច្ចនៅកម្ពុជារយៈពេល១ថ្ងៃ ហើយនឹងបន្តទៅកាន់ប្រទេសវៀតណាម។
នាវា Seven Seas Explorer គឺជានាវាលំដាប់កំពូលនៃកងនាវាដ៏ប្រណីតបំផុតរបស់ក្រុមហ៊ុន Regent Seven Seas Cruises ដោយវាផ្តល់នូវបរិយាកាសនៃភាពទំនើបគ្មានដែនកំណត់ ការរចនាដ៏ប្រណិត និងទំហំដ៏ធំទូលាយនៅលើផ្ទៃសមុទ្រ។ វាត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ ហើយបានធ្វើដំណើរនៅទូទាំងពិភពលោក ដូចជាពីតំបន់មេឌីទែរ៉ាណេ និងអឺរ៉ុបខាងជើង រហូតដល់អាស៊ី អាឡាស្កា និងទ្វីបផ្សេងៗទៀត។
គូសបញ្ជាក់ថា នេះជានាវាទេសចរណ៍ទី៩ហើយ គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២៦ ដែលបានចុះចតនៅកំពង់ផែរស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវបរទេសចម្រុះជាតិសាសន៍សរុប ១០,០៧៤នាក់ មកលេងប្រទេសកម្ពុជា៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត






















