ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតនៅឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្តទាំងពីរ ក៏បានចុះពិនិត្យស្ថានភាពការរស់នៅ សមិទ្ធផលសួនបន្លែ និងការចិញ្ចឹមសត្វទាយកពង ដែលកើតចេញពីការដាំដុះ និងចិញ្ចឹមផ្ទាល់របស់បងប្អូនជនភៀសសឹកជាង ៨០០គ្រួសារ។
នេះជាការចូលរួមចំណែករបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនៅតាមបណ្តោយព្រំដែន។
កាលពីថ្ងៃទី៣១មករា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអះអាងក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំនេះថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ សម្រាប់ដោះស្រាយ គឺសម្រាប់ជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ,ជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត៕
អត្ថបទ៖ ចិន្តា ទីទិ
រូបភាព៖ ទាវ វិឆាត





















