ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលបន្ទាយមានជ័យថា ដីប្រមាណ៧៦០ហិកតាត្រូវកងទ័ពថៃកាន់កាប់ក្រោយបទឈប់បាញ់

KPS99TV

សេចក្តីសង្ខេប

លោក អ៊ុំ រាត្រី បានបង្ហាញតួលេខតាមតំបន់ចំនួនបីក្នុងដំណើរទស្សនកិច្ចអង្គទូត និងថា ពលរដ្ឋ១១ ២៥០នាក់មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ច្បាស់ៗថា ថៃរំលោភកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ប្រមាណ ៧៦០ហិកតា នៅភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ សកម្មភាពរាយបន្លាលួស ដាក់ទូរកុងតឺន័រ កម្ទេចផ្ទះពលរដ្ឋខ្មែរនៅលើទីតាំងនៃតំបន់ជាក់ស្តែងខាងលើ យោធាថៃបានធ្វើឡើង ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងការបរទេសកម្ពុជាដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន កាលពីថ្ងៃទី២៣ ខែកុម្ភៈ អភិបាលខេត្តបន្ទាយមានជ័័យ បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា នៅភូមិជោគជ័យ យោធាថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូលើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន១៣៧ហិកតា និងកាន់កាប់ផ្ទៃដីជាង ៤២ហិកតាទៀតនៅភូមិព្រៃចាន់ ដោយបានដាក់ទូកុងតឺន័រចំនួន៦៣ទូលើទីតាំងចំនួន៣។ ចំណែកនៅតំបន់បឹងត្រកួន ថៃបានកាន់កាប់ផ្ទៃដីរបស់កម្ពុជាដល់ទៅ ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូលើទីតាំងចំនួន ១៣កន្លែង។ ទង្វើឈ្លានពានរបស់យោធាថៃបានបំផ្លាញផ្ទះពលរដ្ឋខ្មែរមួយចំនួននិងរារាំងពលរដ្ឋចំនួន ១១,២៥០នាក់មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគាត់វិញ។

កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់សារព័ត៌មាន Reuters និង Fox News ថា កងកម្លាំងថៃបានកាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជា នៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេច ហ៊ុន ម៉ាណែត ថា នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់ ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…