ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេច ហ៊ុន សែន អំពាវនាវរក្សាសាមគ្គីភាពជុំវិញការពិភាក្សាពិធីបុកល័ក្ខ

KPS99TV

សេចក្តីសង្ខេប

ប្រធានព្រឹទ្ធសភាបានអំពាវនាវឱ្យយោគយល់គ្នា និងចៀសវាងជម្លោះរវាងខ្មែរ និងខ្មែរឥស្លាម ក្នុងការពិភាក្សាអំពីពិធីបុកល័ក្ខក្នុងអាពាហ៍ពិពាហ៍។

ក្រោយពីឃើញមានបងប្អូនខ្មែរ-ឥស្លាមប្រតិកម្មលើការសម្ដែងឈុតបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលក្រុមអ្នកសិល្បៈបានសម្ដែង រួមទាំងពាក្យពេចន៍មួយចំនួនហាក់មិនសូវសមទំនង និងមានការវែកញែកលើបណ្ដាញសង្គមផងនោះ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារទាំងយប់ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាម កាន់តែរីកធំ ក្នុងន័យថា មិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល។

បើតាមសំណេររបស់សម្ដេចតេជោ បានគូសបញ្ជាក់ថា៖ «ម៉ោង ២ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងដល់ពិធីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលពាក់ព័ន្ធដល់បងប្អូនខ្មែរ-ឥស្លាម។

ខ្ញុំសូមបងប្អូនខ្មែរ-ឥស្លាម ស្វែងយល់ឱ្យបានច្បាស់លើចំណុចនេះ ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់ដែលមានយូរលង់មកហើយ។ ក្នុងឈុតឆាកនោះ ពុំមានចំណុចណាមួយជាការប្រមាថ ឬមើលងាយ មើលថោកនោះទេ តែផ្ទុយទៅវិញ មានខ្លឹមសារស៊ីជម្រៅយ៉ាងខ្លាំង លើបញ្ហាសាមគ្គីភាពជាតិសាសន៍ និងសាសនា។

បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្តនៅពេលឆ្លងទឹក។ សម្រាប់ខ្ញុំ តាំងពីធំដឹងក្តីមក ខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា ហើយបន្តមកទៀត ខ្ញុំបានរៀបការកូន៥នាក់ ចាប់ផ្តើមពីឆ្នាំ១៩៩៩។ កូនទាំង៥របស់ខ្ញុំ សុទ្ធតែធ្វើពិធីបុកល័ក្ត ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួម ដូចសម័យមុនដែរ។»

សម្ដេចតេជោ បានបន្ថែមថា៖ «ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ ហើយអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ដែលប្រទេសយើងមិនមានជម្លោះជាតិសាសន៍ និងសាសនានោះទេ។ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល»៕ ដោយ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…