នៅលើវេទិកាអន្តរជាតិ កម្ពុជា បានបង្ហាញជំហរច្បាស់លាស់ និងមានទំនួលខុសត្រូវ ក្នុងការអំពាវនាវឱ្យភាគីថៃ គោរព និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជា ដើម្បីបញ្ចប់ភាពតានតឹង និងបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែង។
ក្នុងបទអន្តរាគមន៍នៅសម័យប្រជុំលើកទី៦១ នៃ United Nations Human Rights Council ដែលប្រារព្ធធ្វើនៅទីក្រុង Geneva ប្រទេស Switzerland ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វត្តមានកងកម្លាំងថៃនៅលើទឹកដីកម្ពុជា គឺជាឧបសគ្គចម្បងរារាំងការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់លំនៅឋានរបស់ពួកគេ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ឯកឧត្តមបានអំពាវនាវឱ្យដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី ដោយប្រកាន់ខ្ជាប់គោលការណ៍មិនប្រើប្រាស់កម្លាំង និងគោរពយ៉ាងម៉ឺងម៉ាត់ច្បាប់អន្តរជាតិ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជា បន្តបញ្ជាក់ថា ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងកិច្ចព្រមព្រៀងទ្វេភាគី គឺជាគន្លឹះសំខាន់សម្រាប់ការកសាងទំនុកចិត្ត និងការរស់នៅរួមគ្នាដោយសុខដុមរមនា។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងបញ្ចប់ថា «មានតែតាមរយៈការប្រកាន់ខ្ជាប់គោលការណ៍ទាំងនេះប៉ុណ្ណោះ ទើបប្រជាជននៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក» ។
សាររបស់កម្ពុជា នៅវេទិកាសិទ្ធិមនុស្សអន្តរជាតិនេះ បានបង្ហាញពីការប្តេជ្ញាចិត្តបន្តគោរពច្បាប់ និងការដោះស្រាយបញ្ហាតាមផ្លូវការទូត ដើម្បីធានាថា សន្តិភាព និងសុវត្ថិភាពរបស់ប្រជាជន គឺជាចំណុចអាទិភាពខ្ពស់បំផុត។ ដោយ៖ KPS99TV







