ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុបង្ហាញព្រឹទ្ធសភាពីភាពរីកចម្រើននៃវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងសាសនា

KPS99TV

សេចក្តីសង្ខេប

លោក ម៉ាង ស៊ីណេត បានរាយការណ៍លទ្ធផលអប់រំ វប្បធម៌ សាសនា និងទេសចរណ៍ឆ្នាំ២០២៥ ជូនគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងជំនួបថ្ងៃទី២៥ កុម្ភៈ។

ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភាអំពីភាពរីកចម្រើននៃវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងសាសនានៅក្នុងខេត្តព្រះសីហនុ។ ការបង្ហាញដូច្នេះរបស់អភិបាលខេត្តព្រះសីហនុរូបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងគណៈប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា និងរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ។

ពាក់ព័ន្ធវិស័យអប់រំ ឯកឧត្តម ម៉ាង ស៊ីណេត បញ្ជាក់ថា កាលពីឆ្នាំ២០២៥ ខេត្តព្រះសីហនុ មានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ២ ២១១នាក់(ស្រី ១ ១៤៦នាក់) បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤ភាគរយ។ ក្នុងនោះ និទ្ទេស A មាន ៥៦នាក់ (ស្រី ២៦នាក់) កើន ១១នាក់។ ចំណែក និទ្ទេស B និង C ក៏កើនឡើងដែរ ខណៈនិទ្ទេស D និង E មានការធ្លាក់ចុះ។ នេះសបញ្ជាក់ឱ្យឃើញថា វិស័យអប់រំនៅខេត្តព្រះសីហនុមានទំនោរកើនឡើង។

ក្រៅពីនេះ ក៏មានសាលារៀនចំនួន២ក្នុងខេត្តព្រះសីហនុបានជាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ នោះគឺសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុទទួលបានចំណាត់ថ្នាក់លេខ១ និងវិទ្យាល័យ ហ៊ុន សែន វាលរេញ ទទួលបានចំណាត់ថ្នាក់លេខ៥។

វិស័យធម្មការ និងសាសនា ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ខេត្តព្រះសីហនុ មានវត្តអារាមចំនួន៣៨ ក្នុងនោះគណៈមហានិកាយចំនួន៣៦វត្ត និងគណៈធម្មយុត្តិកនិកាយមាន២វត្ត។ ព្រះសង្ឃនៅក្នុងខេត្តមានចំនួន ៩១៥អង្គ រួមមាន៖ សាមណេរ ៦៥០អង្គ អាចារ្យ-អាចារ្យរិនីចំនួន ១៤៣នាក់។ ខេត្តក៏មានកន្លែងវិបស្សនាកម្មដ្ឋានចំនួន៣ មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តចំនួន១ សាលាធម្មវិន័យចំនួន១១ សាលាពុទ្ធិកបឋមសិក្សាចំនួន១០ សាលាពុទ្ធិកអនុវិទ្យាល័យចំនួន១ និងបណ្ណាល័យចំនួន១៣។ ចំណែក ស្នាក់ការសាសនាមហាយានមានចំនួន៧ វិហារសាសនាគ្រីស្ទមានចំនួន២ និងវិហារសាសនាឥស្លាមមានចំនួន១៧។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត បានអប់រំ ផ្សព្វផ្សាយអំពីវប្បធម៌ និងសាសនានាអំឡុងបុណ្យប្រពៃណីជាតិ ដើម្បីឱ្យភ្ញៀវបរទេសបានយល់ដឹងបន្ថែម។ ដោយឡែក បច្ចុប្បន្ន ឯកឧត្តមអភិបាលខេត្ត បាននិងកំពុងរៀបចំវត្តអារាមឱ្យទៅជាកន្លែងទេសចរណ៍វប្បធម៌ ព្រោះនៅពេលដែលមានភ្ញៀវទេសចរតាមនាវាធំៗមក អាជ្ញាធរក៏បានណែនាំឱ្យពួកគាត់ទៅទស្សនានៅតាមវត្តអារាមដែរ។

វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានជំរុញឱ្យមានការរៀបចំផ្សព្វផ្សាយដូចជា ទិវាវប្បធម៌ជាតិ ៣មីនា សកម្មភាពលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ និងសកម្មភាពផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យសិស្សានុសិស្សចូលរួមហាត់រៀនរបាំនៅតាមសាលារៀន ជាពិសេសរបាំព្រះថោងនាងនាគ។ ក្នុងន័យនេះ ឯកឧត្តម ចង់រំលេចថា កាលណាគេលេងរបាំអប្សរា គឺគេនឹកឃើញដល់ខេត្តសៀមរាប តែបើគេឃើញរបាំព្រះថោងនាងនាគចង់ឱ្យគេនឹកឃើញខេត្តព្រះសីហនុ។

វិស័យទេសចរណ៍ ឯកឧត្តមអភិបាលខេត្ត បានរំលេចថា ខេត្តមានតំបន់គោលដៅទេសចរណ៍សំខាន់ៗជាច្រើន ដូចជា ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រខៀវស្រងាត់ ឧទ្យានជាតិសមុទ្ររាម ឧទ្យានសមុទ្រកោះរ៉ុង កោះរ៉ុងសន្លឹម ស្មៅសមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្របព្រៃឈើធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ ដែលភ្ញៀវទេសចរអាចមកសម្រាកកម្សាន្ត និងរីករាយជាមួយនឹងធម្មជាតិទាំងនេះបាន។  ជាមួយនឹងគោលដៅទេសចរណ៍ដ៏ច្រើន ខេត្តព្រះសីហនុក៏មានមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួន ៥៦០ទីតាំង បុគ្គលិកសរុប ១០.២៨២នាក់។ ក្នុងឆ្នាំ២០២៥ មានភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តសរុបជាង ៤.៧លាននាក់ កើនឡើង ២,៤៩% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវជាតិមានជាង ៤,៣លាននាក់ កើន០,៤៤% និងភ្ញៀវអន្តរជាតិមានជាង ៤១ម៉ឺននាក់ កើន ៣០,៤៥% ធៀបនឹងឆ្នាំ២០២៤។ ភ្ញៀវទេសចរចូលតាមយន្តហោះ ១.០២១ជើង កើនឡើង ៣២.០៨% ធៀបនឹងឆ្នាំ២០២៤ ស្មើនឹងភ្ញៀវទេសចរចំនួន ៧៨.៣០៦នាក់ កើនឡើង ៨៣,៨៧% ក្នុងនោះភ្ញៀវជាតិ ៥៩៧នាក់ និងភ្ញៀវអន្តរជាតិ ៧៧.៧០៩នាក់ ។

ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាក្នុងការដឹកនាំកសាងអភិវឌ្ឍន៍ខេត្តជាប់សមុទ្រមួយនេះឱ្យមានភាពរីកចម្រើនបង្ហាញឱ្យឃើញពីសមិទ្ធផលជាច្រើននាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឈិត សុខុន បានចាត់ទុកការខិតខំបំពេញតួនាទី ភារកិច្ចបានល្អប្រសើររបស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ គឺជាការរួមចំណែកធ្វើឱ្យខេត្តកាន់តែមានសក្តានុពលខ្ពស់។ កត្តាទាំងនេះ នឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រែប្រួលរីកចម្រើនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ឯកឧត្តម បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងការផ្តល់សេវាប្រកបដោយភាពទាក់ទាញ៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…