ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលព្រះសីហនុបំភ្លឺករណីអ្នកបើក BMW បុកមន្ត្រី និងលទ្ធផលតេស្តសារធាតុញៀន

KPS99TV

សេចក្តីសង្ខេប

នគរបាលខេត្តរាយការណ៍ថា អ្នកបើក BMW ម្នាក់ត្រូវបានឃាត់ខ្លួនក្រោយបុកមន្ត្រីចរាចរណ៍ថ្ងៃទី២៤ កុម្ភៈ។ តេស្តអាល់កុលអវិជ្ជមាន តែសារធាតុញៀនវិជ្ជមាន ហើយនីតិវិធីនៅបន្ត។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ហេតុការណ៍នេះ បង្កឡើងដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិន ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ តាមការស្រាវជ្រាវបឋម អ្នកបើកបរបានបើកក្នុងល្បឿនលឿន និងវ៉ាជែងខាងស្តាំ មុននឹងបុកលោក វរសេនីយ៍ទោ ចេង ចំរើន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តភារកិច្ចរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅគោលដៅខាងលើ។

ក្រោយពេលបង្កហេតុ អ្នកបើកបរបានព្យាយាមបើករថយន្តគេចចេញពីទីតាំងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍នេះ បណ្តាលឱ្យលោក វរសេនីយ៍ទោ ចេង ចំរើន រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មុននឹងបន្តព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ បច្ចុប្បន្ន ស្ថានភាពសុខភាពបានប្រសើរឡើងជាបន្តបន្ទាប់។

បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តជាតិអាល់កុល ដែលទទួលបានលទ្ធផលអវិជ្ជមាន ខណៈការធ្វើតេស្តសារធាតុញៀនបង្ហាញលទ្ធផលវិជ្ជមាន។ ចំពោះរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ជាបន្ត។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ និងជៀសវាងការបើកបរក្រោមឥទ្ធិពលសារធាតុញៀន ឬគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមទាំងមូល៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…