ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាទទួលបានវត្ថុបុរាណខ្មែរ ៧៤ រូបវិលត្រឡប់ពីគ្រួសារលោក Douglas Latchford ស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ

KPS99TV

សេចក្តីសង្ខេប

ក្រសួងវប្បធម៌ថា ការបញ្ជូនត្រឡប់អនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ និងមានចម្លាក់និងវត្ថុពិធីសាសនាពីមុនអង្គរដល់សម័យអង្គរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសជាផ្លូវការ អំពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន ៧៤ រូប ពីគ្រួសារលោក Douglas Latchford អនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ ដែលភាគីទាំងពីរបានឯកភាពគ្នា។

ការវិលត្រឡប់នេះ គឺជាសមិទ្ធផលដ៏សំខាន់បន្ថែមទៀត ក្នុងបេសកកម្មយូរអង្វែងរបស់កម្ពុជា ដើម្បីស្វែងរក និងនាំមកវិញនូវមរតកវប្បធម៌ដែលបានរសាត់ចាកចេញពីប្រទេសក្នុងអំឡុងសង្គ្រាម និងភាពចលាចលកន្លងមក បន្ទាប់ពីការទទួលបានវត្ថុបុរាណសំខាន់ៗមួយចំនួន កាលពីឆ្នាំ២០២១ និង២០២៣។

វត្ថុសិល្បៈទាំងនេះ មានអាយុកាលចាប់ពីសម័យមុនអង្គរ រហូតដល់សម័យរុងរឿងនៃចក្រភពអង្គរ រួមមាន បដិមាថ្មភក់ និងលោហធាតុ ព្រមទាំងវត្ថុប្រើប្រាស់ក្នុងពិធីសាសនា។ ក្នុងចំណោមនោះ មានបដិមាទេពប្រុស–ទេពស្រីពីររូប ដើមសម័យអង្គរ ស្ថិតក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលពាក់ព័ន្ធនឹងរចនាបថគូលែន និងត្រូវបានគេចាត់ទុកថាជាស្នាដៃគំរូនៃដំណាក់កាលដំបូងបង្កើតអង្គរ។ ក៏មានព្រះសិរ្សព្រះព្រហ្ម និងបដិមាយក្សពីតំបន់កោះកេរ ព្រមទាំងបដិមាសំរិទ្ធរចនាបថបាខែង ដែលបង្ហាញពីភាពវិវត្តខ្ពស់នៃសិល្បៈបដិមាសាស្ត្រខ្មែរ។

ក្រសួងបញ្ជាក់ថា វត្ថុទាំង៧៤នេះ មិនត្រឹមជាស្នាដៃសិល្បៈបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់នៃអរិយធម៌ បញ្ញាញាណ និងទេពកោសល្យបុព្វបុរសខ្មែរ។ ការវិលត្រឡប់មកវិញរបស់វា មានអត្ថន័យជ្រាលជ្រៅ ក្នុងការស្ដារឡើងវិញអត្តសញ្ញាណជាតិ និងព្យាបាលរបួសផ្លូវចិត្តប្រវត្តិសាស្ត្រ។

កម្ពុជាបានបញ្ជាក់បន្តនូវការប្តេជ្ញាចិត្ត ធ្វើការជាមួយអ្នកកាន់កាប់ឯកជន ស្ថាប័ន និងរដ្ឋាភិបាលជុំវិញពិភពលោក ដើម្បីធានាថា មរតកវប្បធម៌ខ្មែរ ត្រូវបានវិលត្រឡប់មកមាតុភូមិវិញដោយស្មោះត្រង់ និងតម្លាភាព។

ក្នុងឱកាសនេះ ក្រសួងបានសម្តែងការដឹងគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នអន្តរជាតិ និងក្រុមការងារជំនាញ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការស្រាវជ្រាវ ចរចា និងដឹកជញ្ជូន។

ការវិលត្រឡប់នៃវត្ថុបុរាណទាំងនេះ ជាសញ្ញាច្បាស់លាស់ថា កម្ពុជាកំពុងឈានទៅមុខយ៉ាងមុតមាំ ក្នុងការការពារ និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…