ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញការព្រួយបារម្ភ និងទទូចឱ្យគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ជាអតិបរិមានៅក្នុងអំឡុងភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងការបរទេសកម្ពុជា បានចេញសារបែបនេះដើម្បីជៀសវាងការរីករាលដាលស្ថានការណ៍នៅតំបន់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ខណ:ស្ថានភាពជម្លោះកំពុងតែតានតឹងខ្លាំងគួរព្រួយបារម្ភ។
បើតាមក្រសួងការបរទេស កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។ យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលនិងប៉ះពាល់ដល់សន្តិភាព។
សូមជម្រាបថា ជម្លោះនៅតំបន់មជ្ឍិមបូព៌ាបានងើបឡើងវិញសារជាថ្មីម្តងទៀត បន្ទាប់ពីអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភ: បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រមូលផ្តុំកងនាវាចម្បាំងយ៉ាងច្រើននៅក្នុងតំបន់ ដើម្បីព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយលើកម្មវិធីនុយក្លេអ៊ែរ។ ជម្លោះនេះបណ្ដាលឱ្យអ៊ីរ៉ង់បាញ់តបតលើអ៊ីស្រាអែល និងលើមូលដ្ឋានយោធាអាម៉េរិកជាច្រើនកន្លែងតាមបណ្ដាប្រទេសក្នុងតំបន់នេះ៕
ដោយ៖ ង៉ែត ពិសាន្ត








