ជំរុំសុវត្ថិភាពដែលមានពលរដ្ឋភៀសសឹកស្នាក់នៅរាប់ពាន់គ្រួសារក្នុងវត្តកណ្តាល នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានជន់លិចដោយសារភ្លៀងកក់ខែ ចំណែកផ្ទះពលរដ្ឋ ៥ខ្នងផ្សេងទៀតខូចខាតដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
បើតាមមន្ត្រីរដ្ឋបាលស្រុកថ្មពួក គ្រោះធម្មជាតិនោះបានបង្កការខូចខាតផ្ទះពលរដ្ឋនៅភូមិតាយឹង ឃុំគំរូចំនួន ៤ខ្នង និងនៅភូមិប្រាសាត្បែង ឃុំបន្ទាយឆ្មារចំនួន ១ខ្នង។ ចំណែក បរិវេនក្នុងជំរុំជនភៀសសឹកប៉ះពាល់លិចទីស្នាក់នៅក្នុងតង់នៃជំរំជនភៀសមួយចំនួន។
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច បានអន្តរាគមន៍ជម្លៀសជនភៀសសឹកជាង ៣០០គ្រួសារ និងជញ្ជូនសម្ភារ:របស់របរពួកគាត់ចេញពីជំរុំរងផលប៉ះពាល់នេះអស់ហើយ និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់ជម្រកចល័តបណ្តោះអាសន្នថ្មីជូនពួកគាត់ ដើម្បីឱ្យមានទីស្នាក់នៅ ហូបចុកនិងថែទាំសុខភាពឱ្យល្អប្រសើរឡើងវិញ។
ចាប់ឆ្នាំ២០១២មកជារៀងរាល់ឆ្នាំ នៅស្រុកថ្មពួក ចន្លោះខែមីនា មេសា នៅតំបន់មួយចំនួនតែងតែកើតមានបាតុភូតធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បង្កផលប៉ះពាល់ដល់សំណង់អគាររដ្ឋ ឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋ៕
ដោយ៖ ង៉ែត ពិសាន្ត












