យុវជនវ័យ១៩ឆ្នាំម្នាក់ខឹងម្ដាយជេរស្ដី និងប្រើប្រាស់គ្រឿងញៀន បានទាញកាំបិតខ្វែវកាប់ទៅលើម្ដាយបង្កើតខ្លួនឯងបណ្ដាលឱ្យរងរបួសដៃឆ្វេងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន។
ករណីនេះ កើតឡើងនៅភូមិដំណាក់កោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃសៅរ៍ម្សិលមិញ។ ក្រោយឃាត់ខ្លួនបាន យុវជនខាងលើ បានសារភាពថា មូលហេតុដែលបណ្ដាលឱ្យគេហ៊ានលើកកាំបិតកាប់ម្ដាយខ្លួនឯងនេះ ដោយសារខឹងម្ដាយជេរស្ដី និងក្រោមឥទ្ធិពលគ្រឿងញៀន។
ម្ដាយបង្កើតជនល្មើសឈ្មោះ មាស ស្រីយ៉ា អាយុ៤១ឆ្នាំ បានរងរបួសលើម្រាមដៃឆ្វេង ដោយសារកូនកាប់នឹងកាំបិតខ្វែវ ខណៈនគរបាលបានសម្រេចបញ្ជូនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងកាំបិតខ្វែវដងដែក១ ដើមទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី៕
ដោយ៖ ង៉ែត ពិសាន្ត








