រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គិតមកដល់បំណាច់ខែមិថុនា ការសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែន សម្រេចបានជាង៥០%ហើយ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ ការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបានលទ្ធផលប្រមាណ ៥៣,៣០% នៃផែនការរួមក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា  គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ វឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបានលទ្ធផលការងារចំនួន៦ធំៗ៖

១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២៨៦គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ២០០គ្រឿង និងខេត្តរតនគិរី មាន ៣កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន ៨៦គ្រឿង។

២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរកទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥គ្រាប់។

៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់រួមមាន៖ លូប្រអប់សរុបចំនួន ២៣កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ ដាក់លូមូលបេតុងគ្រប់ប្រភេទសរុប ១៧៨កន្លែង និងស្ថាបនាសម្រេចជាស្ថាពរនូវថ្នល់បេតុងបង្រៀរទឹកសរុបចំនួន ១០កន្លែង ស្មើនឹង ២២១,៨០ម៉ែត្រ។ 

៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ១៧៦,៥០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង ឈូសផ្លូវ ទទឹង ២០ ម៉ែត្រ បានប្រវែង ១៥១,២០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០ គីឡូម៉ែត្រ ចិតជញ្ជាំងភ្នំធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង ១២៤,៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង ៨៥,៩០គីឡូម៉ែត្រ។

៥. ចំពោះមុខនេះ ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ បន្តជំរុញល្បឿននៃការកសាងសំណង់ដោយពេលភ្លៀងធ្លាក់ខ្លាំងគឺ សម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់ ។

៦. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និង បន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាបន្តបន្ទាប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…