ព្រឹកថ្ងៃទី០៣ ខែមីនានេះ គណៈកម្មាធិការអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានជួបជុំគ្នា ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់សមាសភាពថ្មីបន្ថែមទៀត។
ពិធីអបអរសាទរ និងប្រកាសទទួលស្គាល់សមាសភាពថ្មីនេះ បានធ្វើរួមគ្នាក្រោមវត្តមានលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ លោក សំរិត សុផាត ប្រធានក្រុមប្រឹក្សាក្រុងកំពង់សោម និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ព្រមទាំងមានសមាជិកាចូលរួមជាច្រើននាក់ទៀត។
ទិវានារីអន្តរជាតិឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ លោក នួន ប៊ុនថុល អភិបាលក្រុង ចាត់ទុកប្រធានបទនេះ ជាការបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនរបស់ស្រ្តី និងគ្រួសារ។ លោក ថានៅពេលស្រ្តីមានសុវត្ថិភាព មានសិទ្ធិស្មើភាព និងទទួលបានឱកាសសមស្រប គ្រួសារនឹងរឹងមាំ ចំណែកសហគមន៍នឹងមានស្ថេរភាព ហើយសង្គមទាំងមូលនឹងអភិវឌ្ឍប្រកបដោយចីរភាព។
អភិបាលក្រុងកំពង់សោម សង្កត់ធ្ងន់ថា ស្រ្តីមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមនៅលើគ្រប់វិស័យទាំងការងាររដ្ឋបាល សង្គម សេដ្ឋកិច្ច អប់រំ និងការងារសហគមន៍។ ស្រ្តីមិនត្រឹមតែជាអ្នកថែរក្សាគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែស្រ្តីគឺជាដៃគូរដ៏សំខាន់ក្នុងការអភិវឌ្ឍក្រុង និងប្រទេសជាតិ។
អភិបាលក្រុងរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់ស្រ្តីទាំងអស់ បន្តរួមចំណែកយ៉ាងសកម្មក្នុងការកសាងវប្បធម៌សន្តិភាព ការអប់រំកូនចៅឱ្យមានសីលធម៌ និងការចូលរួមទប់ស្កាត់អំពើហិង្សាគ្រប់រូបភាព។ បើតាមលោក នួន ប៊ុនថុល «យើងត្រូវរួមគ្នាបង្កើតបរិយាកាស សុវត្ថិភាពសម្រាប់ស្រ្តី និងកុមារ ដើម្បីធានាថា គ្រួសារនីមួយៗរស់នៅដោយសេចក្តីសុខ និងសុវត្ថិភាព»៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត










































