ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថាបនាផ្លូវបេតុង២ខ្សែគ្រោងចំណាយជាង៧០ម៉ឺនដុល្លារនៅក្រុងព្រះសីហនុ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

អភិបាលខេត្តបានចុះពិនិត្យគម្រោងផ្លូវលេខ១២៣-១៣ និង៨៣៣ ថ្ងៃទី៤ មីនា។ គម្រោងដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន គ្រោងចំណាយជាង៧០ម៉ឺនដុល្លារ និងមានប្រព័ន្ធលូសងខាង។

គម្រោងស្ថាបនាផ្លូវបេតុងចំនួន២ខ្សែមានតម្លៃជាង៧០ម៉ឺនដុល្លារអាម៉េរិកនៅក្នុងក្រុងព្រះសីហនុ ដែលជាសមិទ្ធផលថ្មីបន្ថែមសម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងអាចកាត់បន្ថយការកកស្ទះចរាចរណ៍។

គម្រោងស្ថាបនាផ្លូវទាំង២ខ្សែនេះ រួមមាន៖ ខ្សែទី១ ផ្លូវលេខ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ មានប្រវែង ៣១០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងមានប្រព័ន្ធលូសងខាងផ្លូវ។ ខ្សែទី២ ផ្លូវលេខ៨៣៣ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ មានប្រវែង ១,៣០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ មានប្រព័ន្ធលូសងខាងផ្លូវ ដែលជាអំណោយរបស់សប្បុរសជន។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែមីនា បានដឹកនាំគណៈប្រតិភូអមដោយប្រធានមន្ទីសាធារណការខេត្ត ប្រធានមន្ទីររៀបចំដែនដីខេត្ត និងមន្រ្តីជំនាញជាច្រើននាក់ទៀតចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងទាំង២ខ្សែផ្ទាល់។ ដំណើរចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យមន្រ្តីជំនាញរៀបចំទឹកស្អាត ប្រព័ន្ធលូ និងប្រព័ន្ធអគ្គិសនីឱ្យបានត្រឹមត្រូវ និងជំរុញការសាងសង់ឱ្យបានលឿនរហ័ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។

បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ គម្រោងទាំងពីរនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះ។ ចំណែកការរៀបចំឱ្យមានប្រព័ន្ធលូសងខាងផ្លូវ លោកបញ្ជាក់ថា គឺជាកត្តាចាំបាច់ ដើម្បីការពារផ្លូវពីការដក់ទឹក ដែលជួយឱ្យផ្លូវមានគុណភាពជាប់បានយូរអង្វែង។

យ៉ាងណា អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា គម្រោងនេះ គឺជាសមិទ្ធផលថ្មីស្រឡាងដែលកើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ដើម្បីបម្រើជាប្រយោជន៍សាធារណៈ។ ក្នុងនោះ គម្រោងស្ថាបនាផ្លូវនៅសង្កាត់លេខ៣ គ្រោងចំណាយថវិកាអស់ជាង ១០ម៉ឺនដុល្លារអាម៉េរិក និងសង្កាត់លេខ៤ គ្រោងចំណាយថវិកាអស់ជាង៦០ម៉ឺនដុល្លារអាម៉េរិក៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…