ប៉ូលិសនៃទីក្រុងបាងកក បានសហការជាមួយប៉ូលិសអន្តោប្រវេសន៍ និងប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធើណែត កាលពីថ្ងៃទី០៤ មីនា បានឆ្មក់ចូលបង្ក្រាបទីតាំងការិយាល័យមួយក្នុងអាផាតមិនដ៏ប្រណីតនៅទីក្រុងបាងកក ស្ថិតនៅតាមបណ្តោយផ្លូវ Rama 9 ក្នុងខណ្ឌ Huai Khwang ដែលសង្ស័យលួចបង្កប់ល្បែងភ្នាល់តាមអនឡាញ។ នេះបើតាមការចុះផ្សាយបកប្រែជាភាសាចិននៅលើវេសាយឈ្មោះ Thaiheadlines (https://www.thaiheadlines.com/185400/)។
ការឆ្មក់បង្ក្រាបទីតាំងខាងលើ បានធ្វើឡើងក្រោយពីមានការស៊ើបសង្កេតអស់រយៈពេលជាយូរមកហើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកស្នាក់នៅទីនោះបញ្ជាក់ថា មានជនជាតិវៀតណាមជាច្រើននាក់បានមកធ្វើការ ហើយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។
ក្នុងប្រតិបត្តិការនេះ ប៉ូលិស បានឃាត់ខ្លួនជនជាតិវៀតណាមជិត១០០នាក់នៅកន្លែងកើតហេតុ និងរឹបអូសបានកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃយ៉ាងតិច៥០គ្រឿង ព្រមទាំងទូរស័ព្ទដៃយ៉ាងតិច៣០០គ្រឿង។ ក្រោយបង្ក្រាបបាន សមត្ថកិច្ចធ្វើការត្រួតពិនិត្យបឋមលើអេក្រង់កុំព្យូទ័រ បង្ហាញថា ពួកគេកំពុងដំណើរការគេហទំព័រភ្នាល់អនឡាញជាភាសាវៀតណាម ដែលរួមមានល្បែងភ្នាល់ និងភ្នាល់បាល់ទាត់ ហើយការទូទាត់ប្រាក់ប្រើប្រាស់រូបិយប័ណ្ណដុងវៀតណាម។ ប៉ូលិសសង្ស័យថា វេបសាយភ្នាល់នេះ បានដាក់ម៉ាស៊ីនមេនៅក្នុងប្រទេសថៃ និងមានចរន្តប្រាក់ចេញចូលក្នុងទំហំធំ។
បើតាម Thaiheadlines បានឱ្យដឹងថា មនុស្សទាំងអស់នៅទីតាំងមិនទទួលស្គាល់ថា ខ្លួនជាអ្នកទទួលខុសត្រូវ និងបដិសេធផ្តល់ព័ត៌មានលម្អិតនោះឡើយ។ ចំណែក ការស៊ើបអង្កេតបន្ថែមបង្ហាញថា ការិយាល័យនេះ ត្រូវបានជួលដោយក្រុមហ៊ុនឯកជនធំមួយ ហើយបន្តជួលឱ្យក្រុមជនជាតិវៀតណាមទាំងនោះចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ។ បច្ចុប្បន្ន ប៉ូលិសកំពុងបន្តស្រាវជ្រាវស្វែងរកមេខ្លោង និងតាមដានប្រភពប្រាក់ដែលពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត







