ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តបាត់ដំបងបើកទ្វារទាក់ទាញវិនិយោគិនចិន ខណៈអភិបាលខេត្តជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន

KPS99TV

សេចក្តីសង្ខេប

អភិបាលខេត្តបាត់ដំបងបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន នៅព្រឹកថ្ងៃទី៦ ខែមីនា អំពីការកែច្នៃកសិផល លទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងការចងសម្ព័ន្ធមេត្រីភាព។

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងកសិកម្ម ព្រមទាំងស្វែងយល់ពីសក្ដានុពលអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបង។

ក្នុងជំនួបដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗរបស់ខេត្តបាត់ដំបង ដែលត្រូវបានចាត់ទុកជាតំបន់កសិកម្មសំខាន់មួយរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តបាត់ដំបងមានអំណោយផលខ្លាំងលើវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាសំខាន់សម្រាប់ទាក់ទាញវិនិយោគិន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ទោះបីខេត្តមានផលិតកម្មកសិកម្មសម្បូរបែបក៏ដោយ ការវិនិយោគលើវិស័យកែច្នៃ និងវេចខ្ចប់កសិផលនៅមិនទាន់មានទំហំធំនៅឡើយ។ ដូច្នេះ ឯកឧត្តមបានស្នើឱ្យភាគីចិនជួយកៀរគរវិនិយោគិនចិនមកបណ្ដាក់ទុនលើការកែច្នៃកសិផលក្នុងខេត្ត និងពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ចិននៅខេត្តបាត់ដំបង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់។

លើសពីនេះ ឯកឧត្តម សុខ លូ ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពរៀបចំការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបង ជាមួយខេត្ត ឬក្រុងណាមួយនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប ឯកឧត្តម វ៉ាង វិនពិន បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលរបស់ខេត្តបាត់ដំបង ជាពិសេសលើវិស័យស្រូវអង្ករ និងកសិផលផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់ថា ភាគីចិនកំពុងផ្តោតសំខាន់លើការអភិវឌ្ឍ “ច្រករបៀងមច្ឆា និងអង្ករ” រវាងកម្ពុជា និងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងពង្រីកទីផ្សារនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានអះអាងថា ស្ថានទូតចិនប្រចាំកម្ពុជា នឹងបន្តជំរុញសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយសក្ដានុពលរបស់ខេត្តទៅកាន់វិនិយោគិនចិន។ ទន្ទឹមនឹងនេះ ភាគីចិនក៏នឹងគាំទ្រការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសចិន ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…