អង្ករក្រអូបប្រណិតផ្កាម្លិះកម្ពុជាប្រមាណ ៤០០តោន ស្ថិតក្នុងផែនការនាំចេញទៅកាន់ទីផ្សារអូស្ត្រាលី បន្ទាប់ពីក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអូស្ត្រាលី Green Group លើការនាំចេញអង្ករក្នុងរយៈពេល៦ខែ ដើម្បីពង្រីកវត្តមានអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ។
យោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងថ្មីនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Amru Rice នាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះទៅកាន់ក្រុមហ៊ុន Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំ និងមានកេរ្តិ៍ឈ្មោះមួយនៅក្នុងប្រទេសអូស្ត្រាលី។
ប្រភពដដែលបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ហើយត្រូវបានរំពឹងថា នឹងអាចអភិវឌ្ឍទៅជាកិច្ចសហប្រតិបត្តិការរយៈពេលវែង ដែលនឹងធ្វើឱ្យអង្ករកម្ពុជាមានវត្តមានកាន់តែទូលំទូលាយនៅតាមផ្សារទំនើបធំៗក្នុងប្រទេសអូស្ត្រាលី។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Derek Yip បានសម្តែងការអបអរសាទរចំពោះក្រុមហ៊ុន Amru Rice ដែលទទួលបានភាពជាដៃគូពាណិជ្ជកម្មថ្មីនេះ។ ឯកឧត្តមបានលើកឡើងថា កិច្ចព្រមព្រៀងនេះបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជា ព្រមទាំងផ្តល់ឱកាសដល់អ្នកប្រើប្រាស់អូស្ត្រាលីក្នុងការទទួលបានផលិតផលអង្ករខ្មែរដែលមានគុណភាពខ្ពស់។
ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Green Group គឺជាជំហានសំខាន់មួយក្នុងការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។ លោកបានបន្ថែមថា ក្រុមហ៊ុនមានមោទនភាពក្នុងការផ្គត់ផ្គង់អង្ករក្រអូបផ្កាម្លិះកម្ពុជា ដែលមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តភាព។
ក្នុងនាមជាដៃគូពាណិជ្ជកម្ម លោក Nelson Green នាយកគ្រប់គ្រងក្រុមហ៊ុន Green Group បានលើកឡើងថា ការនាំផលិតផលចំណីអាហារចូលទីផ្សារអន្តរជាតិឱ្យទទួលបានជោគជ័យ តម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអ្នកនាំចេញ និងអ្នកនាំចូល។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង Amru Rice និង Green Group គឺជាគំរូដ៏ល្អមួយនៃភាពជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មនេះ។
ស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា ទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជា បានឈានដល់ប្រមាណ ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រមាណ ៨៥០លានដុល្លារអាមេរិក ជាការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអូស្ត្រាលី។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន Green Group បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Amru Rice ស្តីពីការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម និងចំណីអាហារកម្ពុជា រួមទាំងអង្ករ ក្នុងពិធីមួយនៅទីក្រុងស៊ីដនី ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ ដោយ៖ KPS99TV











