ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ម៉ាង ស៊ីណេត ពិនិត្យអនុម័តការលើកទឹកចិត្តដល់ក្រុមហ៊ុនពីរ

KPS99TV

សេចក្តីសង្ខេប

កិច្ចប្រជុំថ្ងៃទី៩ ខែមីនា បានពិនិត្យគម្រោងគ្រឿងសង្ហារឹមនិងសម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលមានទុនជាង៤,៧លាន និង២,៣លានដុល្លារ។

ក្រុមហ៊ុនចំនួន២ នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ បានដាក់សំណើសុំការលើកទឹកចិត្ត និងការនាំចូលគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ វត្ថុធាតុដើម និងសារធាតុគីមីដែលពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។ សំណើនេះ ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ និងអនុម័តនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ។

ក្រុមហ៊ុនទី១៖ មានឈ្មោះ អ៊ីកូអេប័រ (ខេមបូឌា) ឯ.ក (ECOARBOR (CAMBODIA) CO., LTD) មានទុនជាង ៤,៧លានដុល្លារអាម៉េរិក ដែលវិនិយោគលើការផលិតគ្រឿងសង្ហារឹម ទូ និងគ្រឿងបង្គុំគ្រប់ប្រភេទ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ ក្រុមហ៊ុនបានស្នើសុំការនាំចូល គ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារ វត្ថុធាតុដើម និងសារធាតុគីមីដែលពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ហើយត្រូវបានឯកឧត្តមអភិបាលខេត្តអនុញ្ញាត។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ មានកម្លាំងពលកម្មចំនួន៣២៨នាក់ និងដំណើរការពេញសមត្ថភាព ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម ៦៣៨នាក់។

ចំណែក ក្រុមហ៊ុនទី២៖ មានឈ្មោះ សេន អ៊ិនដាសស្ទ្រី (ខេមបូឌា) ឯ.ក មានទុន ២,៣លានដុល្លារអាម៉េរិក វិនិយោគលើការបង្កើតរោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ បានដាក់សំណើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយត្រូវបានឯកឧត្តមអភិបាលខេត្តអនុញ្ញាត។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងអាចបង្កើតឱកាសការងារជូនពលរដ្ឋបាន ៣២០នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានសកម្មភាពអនុវត្តគម្រោង ដោយបានបំពាក់គ្រឿងម៉ាស៊ីន និងកំពុងដំណើរការផលិតកម្ម ដែលបាននាំចូលសម្ភារៈបរិក្ខារ គ្រឿងម៉ាស៊ីន និងវត្ថុធាតុដើម ដោយពន្ធជាបន្ទុករបស់រដ្ឋ តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…